ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី២១ នៅសិង្ហបុរី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃ៣១ ឧសភា ដល់ថ្ងៃ២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នាថ្ងៃទី៣០ ឧសភានេះ បានឲ្យដឹងថា អមដំណើរឧបនាយករដ្ឋមន្ត្រី ទៀ សីហា រួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច រួមជាមួយនាយទាហាន ជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ នឹងមានសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទដូចជា៖ ១.ភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក, ២.ការពង្រឹងការគ្រប់គ្រងវិបត្តិ នៅពេលមានការប្រកួតប្រជែង កាន់តែកើនឡើង, ៣.ការកសាងសន្តិសុខ សហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, ៤.បញ្ហាប្រឈម សណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់, ៥.វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសកល, ៦.ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក, ៧.ការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថា និងចែករំលែកទស្សនៈនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្ដីពី «ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក» ដោយបង្ហាញទស្សនៈស្តីពី បញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាចូលរួមជំនួប ពិភាក្សាការងារទ្វេភាគី ៕

To Top