ភ្នំពេញ ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ របស់ធនាគារពិភពលោក (WB) បានអនុម័តហិរញ្ញប្បទាន បន្ថែមចំនួន ៧៩,៥លានដុល្លារ សម្រាប់ការពង្រីក សកម្មភាព ដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់ លទ្ធភាពទទួលបានការអប់រំ ប្រកបដោយគុណភាព នៅទូទាំងកម្ពុជា។
យោងតាមសេចក្ដីប្រកាស របស់ធនាគារពិភពលោក នាថ្ងៃទី៣០ ឧសភា បានបញ្ជាក់ថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោង កែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាល ពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារ ។ កញ្ចប់ហិរញ្ញប្បទាន បន្ថែមនេះមានឥណទានចំនួន៦០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិ របស់ធនាគារពិភពលោក សម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀត ពីអង្គការភាពជាដៃ គូសកលសម្រាប់ ការអប់រំ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ប្រទេសកម្ពុជាបាន ប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ ក្នុងរយៈពេលពីរទសវត្សរ៍ចុង ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សា របស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាព ទទួលបានការអប់រំប្រកប ដោយគុណភាពក៏នៅខ្វះសមធម៌ដែរ»។
លោកស្រីបន្ថែមថា ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះដើម្បីពង្រឹង ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្ស ដែលចាំបាច់សម្រាប់ ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា។
លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ មានប្រសាសន៍ថា «អង្គការភាព ជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា ក្នុងការពង្រីកការទទួលបានការអប់រំប្រកបដោយ គុណភាព ទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត” ។ លោកស្រីបន្តទៀតថា “មូលនិធិបន្ថែមនេះនឹងផ្តល់ ជាឱកាសសម្រាប់បង្កើន កិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញ នៃការសិក្សា បន្ទាប់ពីមានការ ប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩» ៕