ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង បានឈានដល់ដំណាក់កាល រៀចចំកិច្ចប្រជុំកម្រិតបច្ចេកទេស ។
យោងតាមក្រសួងសារធារណៈនិងដឹកជញ្ជួន នៅថ្ងៃ៣១ ឧសភាបានឲ្យដឹងថា លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេស ធ្វើបទបង្ហាញអំពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួច លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឲ្យថ្នាក់ដឹកនាំទទួលបន្ទុកគម្រោង ដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំ កម្រិតបច្ចេកទេស ដោយមានការចូលរួមពីអគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និងពិនិត្យវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាពបឋម៕
សូមរំលឹកថា គម្រោងស្ពានដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំនេះ នឹងត្រូវសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ៖ ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ ដែលមានប្រវែងសរុប ៣.៩០០ម៉ែត្រ ។ ចំពោះការសាងសង់ផ្លូវ គឺមានប្រវែង៥៨គីឡូម៉ែត្រ ដែលនឹងត្រូវសាងសង់ ចាប់ពីស្រុកកំពង់លែងរបស់ខេត្តកំពង់ឆ្នាំង ទៅស្រុកស្ទឹងសែន របស់ខេត្តកំពង់ធំ។
គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន សាវ៉ាក់ ខុនស៊ុលថិន ហើយបើគិតជាទឹកប្រាក់ទាំងអស់តាមតម្លៃប៉ាន់ស្មានក្នុងការសាងសង់ គឺអាចចំណាយទឹករហូតដល់ប្រមាណជាង ២៥០លានដុល្លារ ដោយបែងចែកធ្វើផ្លូវប្រហែលជាង១៥០លានដុល្លារ និងការសាងសង់ស្ពានប្រហែលជាង ១០០លានដុល្លារ ៕