ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់នាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ ជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

សូមជម្រាបថា ទំនប់អាងទឹកសួង៧៨ បានជួបស្ថានភាពទឹកជំនន់ រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំងស្រុង មិនអាចបម្រើការស្រោចស្រពផ្ទៃដី កសិកម្មដែលមានស្រាប់ បង្កឱ្យមានការខ្វះទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។

បើតាមរបាយការណ៍ របស់នាយកដ្ឋានវិស្វកម្ម នៅក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តគម្រោង ជួសជុលទំបន់អាងទឹកសួង៧៨ ឡើងវិញ ដែលក្នុងនោះមាន៖ ១)ជួសជុលទំនប់ប្រវែង ៤២០០ម៉ែត្រ និង ២)សំណង់សិល្បការ្យចំនួន៨ កន្លែង។ ការងារជួសជុលបានចាប់ផ្តើមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥៨% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារ ដែលសម្រេចបាន និងថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំនិងក្រុមការងារ នៃនាយកដ្ឋានវិស្វកម្មដែលបានយកចិត្តទុកដាក់ ជួសជុលទំនប់អាងទឹក សួង៧៨ ដើម្បីអាចដំណើរការស្រោចស្រពឡើងវិញ បានតាមតម្រូវការលើផ្ទៃដី បង្កបង្កើនផលដែលមានស្រាប់ ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងារសាងសង់ សូមបន្តយកចិត្តទុកដាក់លើគុណភាព និងបទដ្ឋានបច្ចេកទេស ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករ ដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការថែទាំទំនប់អាងទឹក ក៏ដូចជាប្រព័ន្ធធារាសាស្រ្ត ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក ឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះ ដំណាំកសិកម្មគ្រប់ប្រភេទ និងការប្រើប្រាស់ប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ កសាងឡើងក្នុងសម័យប៉ុលពត មានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ១១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃស្រុកជីក្រែង ខេត្តសៀមរាប ៕













