មេគង្គជាសសៃឈាមមួយដ៏សំខាន់សំរាប់តំបន់អាស៊ី ជាទន្លេមួយដែលវែងជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ៤ ៨០០គីឡូម៉ែត្រ ដោយមានប្រភពដើមហូរចេញពីតំបន់ខ្ពង់រាប Tibet រួចហូរកាត់ប្រទេសចិន ចូលមកមីយ៉ាន់ម៉ា ចូលមកប្រទេសថៃ ចាក់ចូលប្រទេសឡាវ ហូរចូលមកកម្ពុជា រួចបន្តហូរចុះទៅសមុទ្រចិនខាងត្បូង ដោយរត់ឆ្លងកាត់ដែនដីសណ្ដរទន្លេមេគង្គ ក្នុងទឹកដីរបស់វៀតណាម។
សាវតានៃទន្លេមេគង្គ ក្នុងអំណាចរបស់អាណានិគមបារាំង!
ថ្ងៃ០៤ មិថុនា ១៩៤៩ ក្រោមអំណាចនៃក្រិត្យច្បាប់លេខ ៤៩-៧៣៣ ស្ដីពីការបញ្ចូលដែនដីអាណានិគម Nam Ky ជាដែនដីសណ្ដរទន្លេមេគង្គ កម្ពុជាក្រោម ត្រូវបានបញ្ជូលទៅក្នុងជារដ្ឋសហភាពវៀតណាមទៅ។
ក្នុងសម័យអាណានិគមនិយមបារាំង ទន្លេមេគង្គត្រូវបានប្រើប្រាស់ ជាមធ្យោបាយដឹកជញ្ជួនសំរាប់ ជាសេវា បំរើឱ្យប្រទេសឥណ្ឌូចិនទាំង៣ ហើយកំពង់ផែព្រៃនគរ ដែលមានចរន្តទឹកហូរ ចេញទៅសមុទ្រដោយផ្ទាល់ ជាកំពង់ផែរួមសំរាប់ប្រទេស៣ កម្ពុជា ឡាវ វៀតណាម ប្រើប្រាស់ក្នុងការដឹកទំនិញ សំរាប់ប្រទេសខ្លួន។ ចំពោះកម្ពុជា វិញពេលនោះមានកំពង់ផែទន្លេមួយគត់ គឺកំពង់ផែភ្នំពេញ ដែលកំពង់ផែមួយនេះត្រូវពឹងផ្អែកទាំងស្រុងមកលើផ្លូវដឹកជញ្ជួនតាមផ្លូវទឹកទន្លេមេគង្គ និងតាមរយៈកំពង់ផែព្រៃនគរមួយនេះ ដើម្បីដឹកជញ្ជួនទំនិញបន្តចេញទៅកាន់ប្រទេសក្រៅតាមសមុទ្រអន្តរជាតិនោះ។
ក្រោយពីបាត់បង់កំពង់ផែព្រៃនគរ ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាមមក គឺគោលបំណងរបស់កម្ពុជាពេលនោះមានគំនិតចង់ធ្វើអន្តរជាតូបណីយកម្ម មកលើទន្លេមេគង្គ ដោយមិនចង់ឱ្យមាននៅលើទន្លេមួយនេះ មានទោះបីលក្ខខ័ណ្ឌណាមួយ អំពីទន្លេមេគង្គសោះឡើយ ក៏ប៉ុន្តែវៀតណាមបានជំទាស់ ចំពោះគោលបំណងរបស់កម្ពុជា ព្រមទាំងមិនព្រមផ្ដល់សិទ្ធិសេរីភាព ចំពោះកប៉ាល់ទាំងអស់ មានសិទ្ធិក្នុងការធ្វើនាវាចរណ៍ លើដងទន្លេមេគង្គ ដែលស្ថិតនៅក្នុងដែនដី របស់វៀតណាមនាភាគខាងត្បូងឡើយ។
កំពង់ផែព្រៃនគរ ត្រូវបានកសាងឡើង នៅលើទន្លេព្រៃនគរ ដែលមានទីតាំង ស្ថិតនៅឆ្ងាយពីសមុទ្រប្រមាណ 45 miles ដោយកំពង់ផែមួយនេះត្រូវបានកសាងឡើងដោយថវិការួមរបស់ ប្រទេសទាំង៣ ឥណ្ឌូចិន (វៀតណាម ឡាវ កម្ពុជា) សំដៅបំរើឱ្យប្រទេសទាំង៣ ដែលស្ថិតនៅក្រោមអំណាចអាណានិគមរបស់បារាំង នាពេលនោះ តែជាអកុសល ក្រោយឆ្នាំ១៩៤៩ កំពង់ផែព្រៃនគរ ដែលជាកម្មសិទ្ធិរួម បានប្រែក្លាយទៅជារបស់ដាច់មុខ របស់អ្នកកាន់អំណាចវៀតណាមដោយអយុត្តិធម៍បំផុត។
គោលនយោបាយការទូត សេដ្ឋកិច្ច របស់កម្ពុជាក្នុងដំណាក់កាលថ្មី ពីឆ្នាំ២០២៤-២០២៨
យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់កម្ពុជា គឺជាចំណែកមួយក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅនាំកម្ពុជា ទៅកាន់ជាប្រទេសដែលមានចំណូលខ្ពស់ នៅបណ្ដាឆ្នាំ២០៥០ ដោយឆ្លងតាមរយៈការអភិវឌ្ឍន៍ប្រទេស ប្រកបទៅដោយចីរភាព ដែលក្នុងនោះរួមមានកត្តាសំខាន់ក្នុងការត្រូវតែជំរុញ និងអភិវឌ្ឍន៍រួមមាន៖ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន រទេះភ្លើង កំពង់ផែ វាលយន្ដហោះ វិនិយោគ ទេសចរណ៍ រោងចក្រឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះក៏មានការជីកព្រែក ធ្វើជាគមនាគមន៍ផ្លូវទឹក ឆ្ពោះទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសវៀតណាមដូចមុនទៀត។
គម្រោងព្រែកជីកហ្វូណនតេជោ ចាប់មានរូបរាង
មូលបទចម្បង ក្នុងការប្ដេជ្ញា នាំទៅដល់ការត្រូវតែជីកព្រែកដោយព្រែកជីកហ្វូណនតេជោនេះមានសារៈប្រយោជន៍សំខាន់បំផុតសម្រាប់ខឿនសេដ្ឋកិច្ចខ្មែរយូរអង្វែងដូចជា៖ កាត់បន្ថយរយៈពេលចម្ងាយ កាត់បន្ថយតម្លៃសេវាដឹកជញ្ជួន បង្កើតតំបន់ពាណិជ្ជកម្មឧស្សាហកម្ម កសាងឱ្យមានមជ្ឈមណ្ឌលភស្ដុភាកម្ម អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម ការចិញ្ចឹមសត្វ នគរូបនីយកម្ម ពិសេសបង្កើតបានការងារថ្មី សំរាប់កម្លាំងពលកម្ម រាប់សិបម៉ឺននាក់។
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគម្រោងកសាងព្រែកជីកហ្វូណនតេជោ នាខែសីហាឆ្នាំ២០២៣ មក ស្រាប់តែគម្រោងព្រែកជីកមួយនេះ បានប្រែក្លាយទៅជាប្រធានបទមួយដ៏ក្ដៅគគុក រវាងវៀតណាមនិងកម្ពុជា សង្រ្គាមវោហាសាស្រ្តចាប់កើតមាន ទាំងអ្នកនយោបាយវៀតណាម ជាមួយក្រុមបញ្ញវ័ន្តកម្ពុជា រវាងក្រុមអ្នកកាសែតវៀតណាម ជាមួយក្រុមអ្នកកាសែតកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ដែលរហូតដល់មានអត្ថបទវិភាគរបស់វៀតណាមរាប់រយ បានសរសេរមានចរិត មួលបង្កាច់ ញុះញុង ថានឹងមានសង្គ្រាមជាមួយចិន កម្ពុជានិងវៀតណាម ពាក់ព័ន្ធដល់ព្រែកជីកហ្វូណនតេជោនេះ ទៀតផង (Sic)! ។
នៅក្នុងជំនួបផ្លូវការណ៍មួយ នាថ្ងៃទី២៨ខែមេសា ជាមួយឧត្ដមមន្រ្តី អ្នកមុខ អ្នកការ របស់កម្ពុជា នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ នេះត្រូវបានកសាងឡើង ក្នុងឧត្ដមប្រយោជន៍លើកកម្ពស់ សុខមាលភាពនិងវិបុលភាព ដល់ប្រជាជនកម្ពុជា គ្រប់រូប ហើយការជីកព្រែកនេះ ពុំចាំបាច់ត្រូវសុំការអនុញ្ញាតពីប្រទេស អង្គការ ណាមួយឡើយ ព្រោះការជីកនេះ នៅក្នុងដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាសុទ្ធសាធ ហើយបើមានចម្ងល់អ្វីសូមទាក់ទងផ្ទាល់ជាមួយ MRC ទៅ។តែមុននេះនៅថ្ងៃទី២៦មេសាសម្ដេចតេជោ បានបង្ហោះសារជូនគ្រប់សមភាគីថា និងពុំមាន ទោះបីការសម្របសម្រួល ចរចា ណាមួយពាក់ព័ន្ធដល់ ព្រែកជីកហ្វូណនតេជោ នេះឡើយ។
ជាការពិត សារដែលកម្ពុជាបានបង្ហោះសុទ្ធតែត្រូវបានលើកឡើង បន្ទាប់ពីក្រសួងការបរទេសវៀតណាម បានលើកឡើងជាសំណើរ សុំឱ្យកម្ពុជា បន្តកិច្ចសហការ ឱ្យកាន់តែមានភាពជិតស្និទ្ធ ជាមួយវៀតណាម MRC សហគមអន្តរជាតិ អំពីការចែករំលែកនូវបណ្ដាទិន្នន័យ ដែលមានទាក់ទង ដល់ព្រែកជីកមួយនេះ (Sic)!។
ដោយមិនអស់ចិត្ត ហើយដើម្បីបង្កើតទៅជាមតិសាធារណៈ ជាកម្លាំងកៀបសង្កត់ មកលើកម្ពុជានោះ វៀតណាមជាលើកដំបូង បានរៀបចំឱ្យមានអង្គសិក្ខាសាលាមួយ ស្ដីអំពីព្រែកជីកហ្វូណនតេជោ នាថ្ងៃទី២៣មេសា នៅ Cantho ដែលកិច្ចប្រជុំមួយនេះ មានអ្នកជំនាញការខាងទឹក ឬបរិស្ថានរបស់វៀតណាមជាច្រើន បានលើកឡើងជាការព្រមានមួយថាព្រែកជីកហ្វូណនតេជោ មួយនេះ នឹងស្រូបយកទឹកពីទន្លេមេគង្គយ៉ាងច្រើន ដោយខ្លះបាននិយាយថា អស់ទឹក៣០% ខ្លះទៀតថាយកទឹកអស់៥០% រហូតដល់មានអ្នកខ្លះនិយាយថា រហូតដល់៧០% ទឹកទៀតផង! តែរឿងដែលអាក្រក់បំផុតនោះ គឺពួកនេះបានលើកឡើងនូវលទ្ធភាពនៃព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើប្រាស់ ក្នុងគោលដៅយោធា ដោយពួកទាំងនេះបានលើកឡើងថា ទ្វាទឹករបស់ព្រែកជីកហ្វូណនតេជោ បិទបើកបានដែលអាចបង្កើតទៅជាជំរៅទឹកជ្រៅបាន ដែលជាហេតុនាំឱ្យមានបរិមាណទឹកគ្រប់គ្រាន់ សំរាប់នាវាយោធាអាចធ្វើដំណើរនាវាចរណ៍បានពីឈូងសមុទ្រថៃ ឬចេញពីរាម កំពង់សោម ចូលមកជ្រៅក្នុងដែនដីកម្ពុជាបានដោយស្រួល ដែលមានទិដ្ឋភាពស្ថិតជិតមកព្រំដែនរបស់វៀតណាមនោះ (Sic)! ។
ជាតថភាព បើពុំមានឧបទ្ទវហេតុ ក្នុងប្រវត្តិសាស្រ្ត ហើយបើពុំមានកត្តាអាណានិគមបារាំង ក្នុងបណ្ដាសារ ភូមិសាស្រ្ត ក៏ប្រហែលជាវៀតណាមពុំមានឱកាសលើកឡើងអំពីដងទន្លេមេគង្គក្រោម ទាក់ទងដល់ព្រែកជីកហ្វូណនតេជោ នេះផងដែរ តែជាអកុសលដែនដីកម្ពុជាក្រោម បានធ្លាក់ទៅក្នុងដៃក្រោមការគ្រប់គ្រងរបស់អ្នកកាន់អំណាចវៀតណាមទៅ ដែលការបន្តលើកឡើងប្រឆាំងទៅនឹងផលប្រយោជន៍របស់ខ្មែរ នៅក្នុងព្រែកជីកហ្វូណនតេជោ បានត្រឹមតែធ្វើឱ្យជាតិខ្មែរ កាន់តែឈឺចាប់និងស្គាល់កាន់តែច្បាស់អំពីពុតថ្បុត របស់វៀតណាមថែមទៀតទាំងក្នុងអតីតកាល និងក្នុងសហសម័យនេះ។
វៀតណាមមិនគោរពនូវអ្វីដែលខ្លួនបានព្រមព្រៀង
ក្រោយពីឆ្នាំ១៩៧៩ ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជានិងវៀតណាម មានកិច្ចព្រមព្រៀងដឹកជញ្ជួនផ្លូវទឹក ហើយពិតមែនតែ រវាងប្រទេសមានកិច្ចព្រមព្រៀងដឹកជញ្ជួនផ្លូវទឹក ក្នុងទិដ្ឋភាពច្បាប់អន្តរជាតិក៏ដោយ តែលក្ខខ័ណ្ឌដឹកជញ្ជួនទំនិញរបស់កម្ពុជា ក្នុងការឆ្លងកាត់ដែកទឹករបស់វៀតណាម ពុំមានភាពរលូនងាយស្រួលដូចនឹងអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងដឹកជញ្ជួនផ្លូវទឹករវាង កម្ពុជានិងវៀតណាម ឡើយ ព្រោះកម្ពុជានៅតែត្រូវបំពេញនិងឆ្លងកាត់និតិវិធីយ៉ាងច្រើនដ៏ស្មុគស្មាញ នៅមុនពេលត្រូវដឹកទំនិញឆ្លងកាត់ដែនទឹករបស់វៀតណាមនោះរួមមាន៖
១/ ដំបូងត្រូវស្នើសុំការអនុញ្ញាតិដឹកទំនិញឆ្លងកាត់ ឈ្មោះម្ចាស់ទំនិញ នាវានិងប្រភេទទំនិញ
២/ តម្រូវការឱ្យសុំការអនុញ្ញាតិជាមុន ពីអាជ្ញាធរវៀតណាមពីហាណូយឬនៅហូជីមិញ
៣/ តម្រូវការមានការត្រួតពិនិត្យមកលើកុងតឺន័រគ្រប់ប្រភេទ នៅពេលដែលមានទំនិញត្រូវឆ្លងកាត់
៤/ ការអនុវត្តន៍ជាក់ស្ដែង មាននិតិវិធីបែបបទស្មុគស្មាញ មានពេលវេលាយូ និងចំណាយថវិកាច្រើន
៥/ រឹតបន្ដឹងក្នុងការអនុវត្តន៍និតិវិធី ដោយត្រូវត្រួតពិនិត្យរាល់ទំនិញឆ្លងកាត់ មើលគ្រប់កុងតឺន័រ ធ្វើឱ្យមានការពន្យាពេលធ្វើដំណើរពី១០ទៅ១៥ថ្ងៃ ហើយបើទំនិញនាំចេញ ដូចជាកសិផលវិញ ត្រូវសងថ្លៃលើកដាក់ស្ដុក ពិសេសជាងនេះគឺពេលទឹកនាចឬទឹកជោរ នាវាទាំងអស់មិនអាចធ្វើដំណើរបាន ត្រូវកកស្ទះ ដោយត្រូវរង់ចាំអាជ្ញាធរវៀតណាម ឱ្យទៅទើបបាន!
៦/ នាវាទាំងអស់ដែល ធ្វើនាវាចរណ៍លើដែនទឹកវៀតណាម ត្រូវបើកបរក្នុងល្បឿន២០គីឡូមែត្រក្នុងមួយម៉ោង ដែលក្នុងកាលនោះល្បឿននាវាត្រូវបានកំណត់នៅក្នុងច្បាប់នាវាចរណ៍អន្តរជាតិ គឺ 50km/h។
៧/ ច្រកទ្វាព្រំដែន ពុំបានបើកដំណើរការ២៤ម៉ោង ដូចអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងឡើយ!។
វៀតណាមបោះដុំថ្មក្ដៅ មកលើដៃរបស់កម្ពុជា
ជាការពិត ក្នុងប៉ុន្មានឆ្នាំនេះមានកត្តាអវិជ្ជមានដ៏ច្រើន បាននឹងកំពុងកើតមានឡើង នៅក្នុងទឹកដីវៀតណាមក៏ប៉ុន្តែវៀតណាម បានបង្វិលភាពអសកម្មទាំងនេះ មកដាក់បន្ទុកមកលើកម្ពុជាទៅវិញដូចជា៖
*ដែនដីសណ្ដរទន្លេមេគង្គ មានវិសាលភាពប្រមាណ ៤៤ ០០០គីឡូម៉ែត្រការ៉េ តែមានប្រជាជនរស់នៅជិត២៥លាននាក់ ដីតូចប្រជាជនច្រើន ការប្រើប្រាស់ទឹកមានភាពហួសកម្រិតជាប្រចាំ។
*មុននិងក្រោយឆ្នាំ១៩៧៥ ក្រោយពីថ្ងៃរំដោះព្រៃនគរ អ្នកកាន់អំណាចរបស់វៀតណាម បានបំផុសនិងបង្ខំឱ្យប្រជាពលរដ្ឋ ជីកព្រែក ប្រឡាយ កសាងធារាសាស្រ្ត ដើម្បីបង្កើនទិន្នផលកសិកម្ម និងបំរើឱ្យកសិដ្ឋាន គ្មានកន្លែងណា ដែលមិនត្រូវបានជីកលើភូមិសាស្រ្ត នៃដែនដីសណ្ដរទន្លេមេគង្គទាំងមូល ដែលកន្លែងណាក៏មាន ចរន្តទឹក កន្លែងណាក៏មានការស្រូបយកទឹកនាំដល់បញ្ហាប្រើប្រាស់ ប្រភពទឹកដោយពុំមានដែនកំណត់។
*ក្នុងទិសដៅយុទ្ធសាស្រ្តការពារខ្លួនពីចម្ងាយ អ្នកកាន់អំណាចរបស់វៀតណាមបាន ជំរុញឱ្យមានការកសាងទីក្រុង នគរូបនីយកម្ម នៅតាមបណ្ដោយដែនសមុទ្រភាគខាងត្បូង ក្នុងដែនដីសណ្ដរទន្លេមេគង្គ ដោយវៀតណាម ត្រូវការខ្សាច់រាប់សិបម៉ឺនតោន ហើយដែរខ្សាច់មួយភាគធំ បានមកពីក្នុងបាតទន្លេរបស់កម្ពុជានោះ។
*វៀតណាមជាប្រទេសឈរលេខ២ លើពីភពលោកបន្ទាប់ពីឥណ្ឌាឈរលេខ១ និងថៃឈរលេខ៣ ក្នុងការនាំអង្ករទៅក្រៅប្រទេស ហើយដើម្បីប្រែក្លាយទៅជាប្រទេសនាំមុខ ក្នុងការផលិតអង្ករ នៅលើពិភពលោក គឺកសិករវៀតណាម ត្រូវធ្វើស្រែ៣រដូវ បង្កើនទិន្នផលស្រូវ ដូច្នេះការប្រើប្រាស់ទឹក ដើម្បី ដំណាំស្រូវ ត្រូវបានស្រូបយកទឹកយ៉ាងអតិបរិមាបំផុត ទាំងទឹកភ្លៀង ទាំងទឹកសាប និងទឹកក្រោមដី ត្រូវបានយកមកប្រើប្រាស់ទាំងអស់។
*បញ្ហាខ្វះទឹក លើដងទន្លេមេគង្គ គឺជាបញ្ហារវាងចិនជាមួយវៀតណាម រវាងឡាវនិងវៀតណាម ពុំមែនជារឿងរវាងកម្ពុជាជាមួយវៀតណាមឡើយ។ដូច្នេះវៀតណាម ត្រូវធ្វើការតវ៉ាជាមួយចិននិងឡាវ ពុំមែនយកបញ្ហាទឹក មកលើកដាក់ជាមួយកម្ពុជានោះទេ ព្រោះចិនបានកសាង១២ទំនប់ វារីអគ្គិសនីនៅភាគខាងលើនៃទនន្លេមេគង្គ និងឡាវ២ គឺ Xayabury និង Dan Sahong ផងដែរ នៅភាគខាងលើនៃទន្លេរួម របស់ទន្លេមេគង្គ។ ដូច្នេះវៀតណាមត្រូវធ្វើការជំទាស់ តវ៉ាជាមួយចិននិងឡាវ ដោយមិនត្រូវអូសកម្ពុជា ចូលទៅក្នុងជម្លោះមួយនេះទេ! ។
*រឿងមួយដែរគួរឱ្យអស់សំណើច គឺនៅពេលដែលកម្ពុជា ឥតទាន់បានជីកព្រែកផង វៀតណាមបានស្រែកខ្វះទឹកទៅហើយ។ ដូច្នេះការខ្វះទឹកនៅលើតំបន់ភាគខាងត្បូង គឺមកអំពីការប្រែប្រួល អាកាសធាតុ ការប្រើប្រាស់ទឹកដោយភាពអនាធិបតេយ្យរបស់កសិករ ការជីកប្រឡាយ បឹងបួរ យកទឹកតាមអំពើចិត្តរបស់អ្នកប្រើប្រាស់ ដែលទាំងអស់នេះសុទ្ធតែជាបច្ច័យចម្បង ក្នុងការនាំឱ្យភាគខាងត្បូងវៀតណាម ប្រឈមទៅនឹងការខ្វះទឹក ហើយស្រែកដាក់មកពីព្រែកជីកហ្វូណនតេជោ របស់ខ្មែរទៅវិញ! ។
*វៀតណាមមានទំនាស់ផលប្រយោជន៍ជាមួយចិន ជាពិសេសគឺការប៉ះទង្គិចនៅលើសមុទ្រចិនខាងត្បូង។ ក្នុងបរិបទមួយនេះ ទើបវៀតណាមតែងតែមានការបារម្ភ យ៉ាងជ្រាលជ្រៅអំពីការរីកធំធាត់ នៃឥទ្ធិពល និងវត្តមានរបស់ចិននៅក្នុងតំបន់មួយនេះ។ដូច្នេះហើយទើបអ្នកកាន់អំណាចរបស់វៀតណាម មកប្រតិកម្មខ្លាំង ទៅនឹងផែនការកសាងផ្លូវរទេះភ្លើង របស់ចិននៅឡាវ ទំនប់វារីអគ្គិសនី Don Sahong តារាសាគរ រាម ឥឡូវនេះដល់គម្រោងព្រែកជីកហ្វូណនតេជោទៀត ដែលទាំងអស់នេះ សុទ្ធតែជាឧបសគ្គនៅក្នុងចក្ខុយុទ្ធសាស្រ្តរបស់វៀតណាម ហើយបានប្រែក្លាយចំណុចឧបសគ្គទាំងនេះទៅជាការរារាំងដល់ ដំណើរកសាង អភិវឌ្ឍន៍ជាតិ របស់ឡាវនិងកម្ពុជាទៅវិញ! ។
*ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើពុករលួយបានរីករាលដាលនិងក្លាយទៅជាជម្ងឺរាំរ៉ៃ នៅក្នុងសង្គមជាតិរបស់វៀតណាម ពីថ្នាក់ក្រោមឡើងរហូតដល់ថ្នាក់កំពូល ដែលសុទ្ធតែជាឥស្សរជនកម្មុយនិស្ដ បរិសុទ្ធ ស្អាតស្អំ បែទៅជាអ្នកប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ ដែលជាហេតុនាំឱ្យមានចរន្ដ ខឹងសម្បារយ៉ាងខ្លាំង ចេញពីស្រទាប់ប្រជាជន ចំពោះការដឹកនាំរបស់បក្សនិងរដ្ឋាភិបាល ជាពិសេសគឺការអស់ជំនឿមកលើ កម្មាភិបាល ដឹកនាំទាំងស្រុង ដែលជាហេតុចម្បងនាំឱ្យមាន Scenario ក្នុងការបង្កើតឱ្យមានរឿងអាស្រូវ ព្រែកជីក ដាក់កំហុសមកលើខ្មែរ បង្វិលរឿង ខឹង ស្អប់ របស់ប្រជាជនវៀតណាម ចំពោះការដឹកនាំរបស់បក្សនិងរដ្ឋាភិបាល ទម្លាក់មកលើខ្មែរឱ្យខឹងខ្មែរទៅវិញ!។
ក្រោយពីកម្ពុជាបាត់កំពង់ផែព្រៃនគរជាផ្លូវការមក គឺរាល់ទំនិញរបស់កម្ពុជា ដែលត្រូវដឹកជញ្ជួនមកកាន់ភ្នំពេញ គឺត្រូវឆ្លងកាត់កំពង់ផែ CaiMep – Thi Vai របស់ខេត្ត Ba Ria- Vung Tau ទាំងអស់។ ដូច្នេះនៅពេលដែលព្រែកជីកត្រូវបានកសាងរួចហើយ គឺកំពង់ផែភ្នំពេញ មានមុខងារក្នុងការទាក់ទងដឹកជញ្ជួន ផ្ទាល់ ទៅនឹងកំពង់ផែក្រុងព្រះសីហនុ ដោយលែងឆ្លងកាត់វៀតណាមទៀត ដែលជាហេតុធ្វើឱ្យវៀតណាមបាត់ចំណូលព្រមទាំងលែងមានអំណាច ឥទ្ធិពលមកលើខ្មែរទៀត។ ដោយឡែក កម្ពុជាក៏មានការរំពឹងថា នឹងចំណេញបាន៨៨លានដុល្លារ បានមកពីការដឹកជញ្ជួន តាមព្រែកជីកហ្វូណនតេជោ ក្នុងមួយឆ្នាំ ហើយដល់បណ្ដាឆ្នាំ២០៥០ កម្ពុជានឹងចំណេញបានរហូតដល់ទៅ៥៧០លានដុល្លារក្នុងមួយឆ្នាំ ដែលទាំងអស់នេះ គឺជាការដកដង្ហើមតាមច្រមុះរបស់ខ្មែរពិតប្រាកដមែន ដោយមិនពឹងពាក់ Oxyzen របស់បរទេសទៀត!។
គុណប្រយោជន៍ដ៏មហាសាល ក្នុងការជីកព្រែករបស់ខ្មែរ
*ជាយូមកហើយ តំបន់និរតីរបស់កម្ពុជា ជាកន្លែងនៅមានភាពលំបាកក្រីក្រ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា មានបំណង ប្រែក្លាយតំបន់នេះ ទៅជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងគោលដៅលើកម្ពស់ ជីវភាព របស់ប្រជាពលរដ្ឋ រស់នៅទីនេះ។
*ពេលដែលមានព្រែកជីក ចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងខេត្តជុំវិញនឹងធ្វើដំណើរទៅកាន់តំបន់និរតីនេះ ដើម្បីស្វែងរក ការងារធ្វើ ដោយតំបន់ព្រែកជីកមានមុខងារជួយសំរួល ដោះស្រាយអាជីពដល់ប្រជាជន បានយ៉ាងច្រើន។
*ព្រែកជីកហ្វូណនតេជោ នឹងបំពេញតួនាទីមួយយ៉ាងសំខាន់ គឺការកាត់បន្ថយបានចរន្ត ចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស ទន្ទឹមនេះគឺជាការរក្សាបាននូវកម្លាំងពលកម្មពេញថាមពល របស់កូនខ្មែរ ឆ្លើយតបទៅនឹងសំណូមពរនៃសេចក្ដីត្រូវការរបស់ទីផ្សារធនធានមនុស្សផងនោះ។
*ក្រោយពីព្រែកជីក ត្រូវបានស្ថាបនាហើយ គឺចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ មានការថយចុះ ពេលនោះការប្រើប្រាស់ទឹក ភ្លើង មានការធ្លាក់ចុះយ៉ាងខ្លាំង រួមទាំងចរាចរណ៍ នៅក្នុងក្រុងក៏មានការថយចុះងាយស្រួល ដល់ផែនការនគរូបនីយកម្ម ក្នុងការរៀបចំក្រុងឱ្យមានសោភណភាពទាន់សម័យទំនើប។
*ព្រែកជីកហ្វូណនតេជោ ធ្វើឱ្យវិស័យគមនាគមន៍ដឹកជញ្ជួនរបស់កម្ពុជាមានឥស្សរភាព ម្ចាស់ការយ៉ាងពិតប្រាកដ ដែលអស់រយៈកាលជាង៧៥ឆ្នាំ បន្ទាប់ពីដែនដីកម្ពុជាក្រោមបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ គ្រប់មធ្យោបាយរួមទាំងកប៉ាល់ដឹកទំនិញ អាចធ្វើនាវាចរណ៍បានដោយសេរី និងទាំងយប់ទាំងថ្ងៃ ដែលនឹងពុំមានទោះបីរបាំងឧបសគ្គណាមួយ ក្នុងការរារាំងបង្កើត ជាបញ្ហាសោះឡើយ។ រាល់ទំនិញមកដល់កំពង់ផែកំពង់សោម រាម តារាសាគរ កំពត ល-ល ត្រូវការត្រួតពិនិត្យ របស់គយខ្មែរតែម្ដងគត់ ក៏អាចធ្វើដំណើរដោយសេរី មកដល់ភ្នំពេញ ប្រកបទៅដោយសុវត្ថិភាពបំផុត ព្រោះជាដែនអធិបតេយ្យភាពរបស់ខ្មែរ។
*នឹងមានទីក្រុងរណប ជាច្រើនត្រូវបានបង្កើតឡើង នៅតាមបណ្ដោយដងទន្លេនៃព្រែកជីកហ្វូណនតេជោ ដែលអមទៅដោយផ្សារព្រំដែន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ កសិដ្ឋាន រមណីយដ្ឋាន ភូមិករ និងបូរី អាចសម្រាប់មនុស្សចាស់រស់នៅ ល-ល បង្កើតទៅជាទីកន្លែងការងារមួយ ដោយសំបួរបែបបំផុត។
* ក្រោមគំនិតផ្ដួចផ្ដើម BRI និងក្នុងស្មារតីនៃសហគមន៍រួម ជោគវាសនាតែមួយ គឺនៅពេលដែលកម្ពុជា បាននឹងកំពុងសាងសង់ព្រែកជីកនេះ ភាគីចិនអាចមានផែនការជំរុញការបំផ្លាញថ្ម ឬមួយក៏ជីកព្រែកវាង តំបន់ជ្រោះសុភក្រមិត្ត ក្នុងខេត្តព្រះវិហារ ដើម្បីទម្លុះតំបន់ទឹកនេះឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរនាវាចរណ៍ ទៅមក ចុះឡើងពីចិន រហូតមកដល់ខ្មែរ ហើយពីខ្មែរឡើងរហូតទៅដល់ចិន ដោយឆ្លងកាត់ ឡាវ ថៃ ចូលទៅ មីយ៉ាន់ម៉ា ចូលទៅដល់ចិនតែម្ដង តាមផ្លូវទឹកដែលនេះ ជាគំនិតគិតគូរ ជាយូរមកហើយ របស់បារាំង តែបារាំងពុំអាចធ្វើបានដោយបញ្ហាបច្ចេកទេសពេលនោះ។ ក្នុងបរិបទមួយនេះ ទើបពួកប្រទេសដែលស្ថិតនៅខ្សែទឹកខាងលើ រួមមាន ឡាវ ថៃ មីយ៉ាន់ម៉ា និងចិន មានកិច្ចសហការគ្នា ក្នុងការយាមល្បាតរួម ដើម្បីបង្រ្កាបមកលើរាល់សកម្មភាពខុសច្បាប់ នៅក្នុងតំបន់ ដូចជាការរត់ពន្ធមនុស្ស អាវុធ គ្រឿងញៀន ល-ល។ នៅក្នុងក្របខណ្ឌ សហប្រតិបត្តិការទ្វេភាគី ពហុភាគី Langxang-Mekong Cooperationផែនការ Exchange People to People , Cultural និង Tourism ត្រូវបានជំរុញនិងលើកកម្ពស់ស្របតាមបំណងរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នេះផងដែរ។
នៅក្នុងបរិបទនៃអត្ថប្រយោជន៍នេះ ប្រមុខដឹកនាំរបស់កម្ពុជា នៅតែអះអាងក្នុងការប្ដេជ្ញា ជំរុញការកសាងព្រែកជីកនេះ ឱ្យចប់ជាស្ថាពរ ក្នុងរយៈពេល៤ឆ្នាំ ដោយបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានមុខងារតែមួយគត់ គឺនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច ជូនប្រជាពលរដ្ឋខ្មែរ ១,៦លាននាក់ ដែលបានរស់នៅតាមបណ្ដោយទន្លេនេះ ព្រមទាំងបានបដិសេធ មានចរិតវិទ្យាសស្រ្តថា ព្រែកជីកហ្វូណនតេជោ ពុំបានបង្ករឱ្យមានផលប៉ះពាល់ឆ្លងដែនមកលើដែនដីសណ្ដរទន្លេមេគង្គឡើយ ទន្ទឹមនេះក៏បានបដិសេធទាំងស្រុង នូវឧបាយកលអគតិ ក្នុងការមូលបង្កាច់ថា ចិនអាចប្រើប្រាស់ ព្រែកជីកនេះ ដើម្បីធ្វើការចល័តកងទ័ពនិងនាវាចរណ៍ ឱ្យនាវាយោធារបស់ចិន (Sic)! ។
នៅក្នុងឧត្ដមប្រយោជន៍ជាតិដ៏ខ្ពង់ខ្ពស់គឺជាប្រទេសដែលមាន ឥស្សរភាព អធិបតេយ្យភាព និងឯករាជ្យភាព យ៉ាងដូច្នេះ គឺកម្ពុជាគ្មានហេតុផលអ្វីដែលត្រូវសុំច្បាប់ រាយការណ៍ឱ្យគ្រប់ព័ត៌មាន ទៅតាមការស្នើសុំរបស់បណ្ដាប្រទេសពាក់ព័ន្ធដល់ព្រែកជីកនេះឡើយ ព្រោះកម្ពុជា បានជូនព័ត៌មានដល់ MRC ជាផ្លូវការហើយ កម្ពុជាគ្មានត្រូវការចរចានិងសូមកុំបង្ខំឱ្យកម្ពុជាចូលតុចរចាអំពីព្រែកជីកនេះសោះឡើយ! ។
ព្រែកជីកហ្វូណនតេជោ ក្នុងផលប្រយោជន៍រួម និងក្នុងចក្ខុនយោបាយរបស់ចិន!
នៅក្នុងបណ្ដាឆ្នាំ២០២៣ ភាគីកម្ពុជាបានមានសំណូមពរស្នើដល់ភាគីចិន ឱ្យជួយជាហិរញ្ញប្បទាន ក្នុងការជួយដល់គម្រោងព្រែកជីកហ្វូណនតេជោ ដោយគម្រោងមួយនេះមានទុនចំណាយរហូតដល់ទៅជាង 1.7ពាន់លានដុល្លារ ដែលព្រែកជីកនេះមានប្រវែង១៨០គីឡូម៉ែត្រនោះ! គោលដៅនៃការកសាងព្រែកជីកនេះ គឺក្នុងគោលបំណងកែលំអរដល់គមនាគមន៍ផ្លូវទឹកឱ្យមានភាពល្អប្រសើរឡើង សម្រាប់ការដឹកជញ្ជួននៅក្នុងតំបន់រាជធានីភ្នំពេញឆ្ពោះទៅកាន់សមុទ្រ ដោយព្រែកជីកនេះបានឆ្លងកាត់ខេត្ត៤ រួមមាន កណ្ដាល តាកែវ កំពតនិងកែប បម្រើឱ្យប្រជាពលរដ្ឋប្រមាណ 1.6លាននាក់ ដែលបានរស់នៅតាមបណ្ដោយព្រែកជីកមួយនេះ!។
ទន្លេមេគង្គ ជាទន្លេមួយដែលមានសណ្ឋានធំបំផុតនៅអាស៊ីអាគ្នេយ៍ ហើយពិតមែនតែទន្លេមួយនេះបានហូរឆ្លងកាត់ប្រទេសកម្ពុជាពិតមែន តែទន្លេនេះពុំមានមុខងារសំខាន់ណាមួយធំ ក្នុងការដើរតួរសម្រួលដល់នាវាចរណ៍ដឹកជញ្ជួននិងជាមណ្ឌលភស្ដុភា សម្រាប់សេដ្ឋកិច្ចឱ្យកម្ពុជាឡើយ! ព្រោះរាល់ច្រកចេញទាំងអស់ទៅកាន់សមុទ្រអន្តរជាតិត្រូវឆ្លងកាត់ដែនដីវៀតណាមទាំងអស់! ព្រោះពិតមែនតែកម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅជាប់នឹងសមុទ្រក៏ដោយ តែកម្ពុជាពុំមានទន្លេណាមួយដែលធំឆ្ពោះទៅកាន់ដែនសមុទ្រឡើយ!។ ជារួមមានទំនិញកម្ពុជា ទាំងអស់ប្រមាណ 40% ដែលជាទំនិញនាំចូលនិងនាំចេញរបស់កម្ពុជា ត្រូវបានដឹកឆ្លងកាត់តំបន់ដែនដីសណ្ដរទន្លេមេគង្គរបស់វៀតណាមទាំងអស់! ដែលនេះគឺជាប្រការមួយដ៏ចាំបាច់ក្នុងការតម្រូវឱ្យកម្ពុជាត្រួវចំណាយថវិកាមួយចំនួនធំ សងទៅឱ្យសេវាដឹកជញ្ជួនឆ្លងកាត់មួយនេះ! ម្យ៉ាងទៀតតម្លៃពន្ធគយ និងសេវាដឹកជញ្ជួនរបស់កម្ពុជា ក៏មានតម្លៃថ្លៃបើប្រៀបទៅនឹងវៀតណាមនោះ! ហើយនៅក្នុងបរិបទនៃភូមិសាស្រ្តនយោបាយមួយនេះ ទើបយ៉ាងហោចណាស់ វៀតណាម នៅមានឥទ្ធិពលគ្របដណ្ដប់មកលើកម្ពុជា ដោយវៀតណាមមានមុខងារជាអ្នកក្ដាប់ជីពចរ ជាអ្នកផ្ដល់ Oxgyzen និងជាអ្នកត្រួតត្រាមកលើដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាលើផ្លូវទឹកនោះ!។
ដូច្នេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានអត្ថន័យនយោបាយមួយយ៉ាងសំខាន់បំផុតសម្រាប់កម្ពុជាក្នុងពេលនេះ!។ ការកសាងបានព្រែកជីកមួយនេះ អនុញ្ញាតឱ្យរាជធានីភ្នំពេញមានលទ្ធភាពជួបប្រាស្រ័យផ្ទាល់ ទៅនឹងច្រកចេញទៅកាន់សមុទ្រនាភាគខាងត្បូងរបស់កម្ពុជា ដោយប្រាកដនិយមបំផុតនោះ!។ យោងតាមគម្រោងការនេះ គឺព្រែកជីកហ្វូណនតេជោមួយនេះ នឹងសម្រួលឱ្យនាវាដឹកទំនិញ ៣ ០០០តោនអាចធ្វើដំណើរទៅមកស្របពេលតែមួយ ដែលប្រការមួយនេះមិនត្រឹមតែបាននាំមកនូវការលើកកម្ពស់ ប្រសិទ្ធភាពក្នុងសេវាដឹកជញ្ជួនរបស់កំពង់ផែភ្នំពេញ តែថែមទាំងបានធ្វើឱ្យតម្លៃសេវាដឹកជញ្ជួនមានការចុះថោក ដែលជាហេតុក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ដល់បណ្ដាតំបន់ ដែលស្ថិតនៅតាមបណ្ដោយព្រែកជីកនេះ មានការរីកចម្រើន និងមានភាពផុសផុលនោះ។ក្រោយអំពីព្រែកជីកមួយនេះ បានចេញជារូបរាងមក គឺបរិមាណទំនិញនាំចូលនិងនាំចេញរបស់កម្ពុជា ដែលត្រូវឆ្លងកាត់លើដងទន្លមេគង្គក្រោម ក្នុងទឹកដីវៀតណាម នឹងមានការថយចុះយ៉ាងហោចណាស់ដល់ទៅជាង៣០% ដែលទន្ទឹមនេះឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា ក៏ត្រូវបានកាត់បន្ថយផងដែរ។ក្រៅពីនេះ កម្ពុជាក៏មានផែនការបង្កើតឡើងនូវបណ្ដាតំបន់សេដ្ឋកិច្ចពិសេស នៅជុំវិញព្រែកជីកមួយនេះ សំដៅបង្កើនការងារ និងជំរុញនគរូបនីយកម្មផងដែរនោះ!។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផែនការយុទ្ធសាស្រ្ត ដ៏មហិមានិងសំខាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិមិត្តរូបមួយនៃកម្លាំងសាមគ្គីជាតិរបស់កម្ពុជា ក្នុងបរិបទថ្មី ក្រោយពីដែនដីកម្ពុជាក្រោមធ្លាក់ទៅក្រោមការគ្រប់គ្រង់ត្រួតត្រាទៅដោយវៀតណាមនោះ!។
ទន្ទឹមនឹងនេះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មួយនេះក៏មានមុខងារមួយយ៉ាងសំខាន់ ចំពោះផែនការយុទ្ធសាស្រ្តរបស់ចិនផងដែរ! ព្រោះបន្ទាប់ពីព្រែកជីកហ្វូណនតេជោ នេះកសាងចប់ជាស្ថាពរ គឺចិនអាចធ្វើដំណើរដោយត្រង់ចេញពីទន្លេឡានឆាង ចុះមកទន្លេមេគង្គ មកកាន់ប្រទេសថៃ រួចអាចធ្វើដំណើរទៅកាន់ម៉ាឡេស៊ីដោយពុំចាំបាច់ឆ្លងកាត់វៀតណាមទៀត! មានន័យថាទន្លេមេគង្គជាយថភាពមើលទៅក៏ដូចជាដងទន្លេនៅក្នុងដែនដីរបស់ចិនដែលស្ថិតនៅភាគនិរតី ធ្វើឱ្យចិនស្រាប់តែមានច្រកចេញទៅសមុទ្រមួយទៀតដោយផ្ទាល់ ដែលប្រការមួយនេះ បានជួយបំពេញក្នុងការធ្វើឱ្យនាវាដឹកទំនិញទាំងឡាយរបស់ចិនកាន់តែមានសុវត្ថិភាព សន្តិសុខ នៅលើដងទន្លេក្នុងដំណើរនាវាចរណ៍ ឆ្ពោះទៅឈូងសមុទ្រ Malacca ជាការរួមចំណែកមួយទៀតក្នុងការជំរុញបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រកស៊ី រវាងចិនជាមួយថៃ ម៉ាឡេស៊ី និងបណ្ដាប្រទេសអាស៊ានផ្សេងទៀតនោះ!។
ដោយសមត្ថភាព និងសក្ដានុភាព របស់កម្ពុជានៅមានកំណត់លើផ្នែកសេដ្ឋកិច្ច ទើបកម្ពុជាបានទៅស្វែងរកលទ្ធភាព ពីចិន!ចំពោះចិនវិញមានការឯកភាព ដោយភាគីចិនយល់ថា នេះជាបញ្ហាដែលភាគីទាំងពីរ មានផលប្រយោជន៍រួម ហើយទន្ទឹមនេះ កម្ពុជាក៏មានជំនឿជឿជាក់ថាព្រែកជីកហ្វូណនតេជោ នេះលែងធ្វើឱ្យកម្ពុជាត្រូវរណប ពឹងពាក់នរណា ប្រទេសណាក្នុងការ ដកដង្ហើម ទៀត។បន្ទាប់ពីមានការប្រកាសគម្រោងជីកព្រែករវាងកម្ពុជាសហការជាមួយចិនភ្លាម ស្រាប់តែគម្រោងការមួយនេះ បានប្រែក្លាយទៅជាកម្មវត្ថុមួយដ៏ក្ដៅពោរពេញទៅដោយការមន្ទិលសង្ស័យពីមួយទៅមួយ លើកឡើងនូវគ្រប់ហេតុផល អវិជ្ជមាន ដែលក្នុងនោះវៀតណាមគឺជាអ្នកដែលប្រឆាំងខ្លាំងក្លាជាងគេបំផុតនោះ! ព្រោះចំពោះមុខ ព្រែកជីកមួយនេះនឹងធ្វើឱ្យកម្ពុជា មានឱកាសឈប់ដឹកជញ្ជួនទំនិញឆ្លងកាត់ដែនទឹកវៀតណាម ដែលជាហេតុធ្វើឱ្យវៀតណាម បាត់បង់នូវអត្ថប្រយោជន៍មួយដ៏ធំពាក់ព័ន្ធដល់គម្រោងព្រែកជីកនេះផងដែរ ។ មុននេះវៀតណាមធ្លាប់បានស្នើកសាងផ្លូវល្បឿនលឿនមួយ រត់ពីទីក្រុង HochiMinh មកកាន់ភ្នំពេញ សម្រាប់ជារបៀងគមនាគមន៍ដឹកជញ្ជួន តែភាគីកម្ពុជាហាក់បីពុំបានឯកភាពទៅនឹងផែនការមួយនេះរបស់វៀតណាម! ក្រៅពីនេះ ពួកប្រទេសអមិត្តខ្លះ ក៏បានបំពងបំភ្លៃសភាពការណ៍ពិត ដោយចោទចិន ថាបានដាក់ពង្រាយមូលដ្ឋានយោធានៅកម្ពុជា ក្នុងគោលបំណងបង្កើតទំនាស់ អរិភាព រវាងចិនជាមួយវៀតណាម រវាងកម្ពុជាជាមួយវៀតណាមផងនោះ!។
ព័ត៌មានដែលបំភ្លៃថាចិន បានដាក់ពង្រាយកងទ័ពនិងមូលដ្ឋានយោធានៅកម្ពុជា ដែលនេះជាចំណុចរស៊ើប ទាំងសម្រាប់វៀតណាម ទាំងសម្រាប់តំបន់ទើបជាប្រការមួយក្នុងការជំរុញឱ្យវៀតណាមមានសំណូមពរ ទាមទារឱ្យកម្ពុជាត្រូវផ្ដល់ព័ត៌មាន ពាក់ព័ន្ធទៅដល់ព្រែកជីកនេះ ថា តើមានផលប៉ះពាល់ មកលើប្រព័ន្ធ Ecology ដែរឬអត់! ហើយវៀតណាមនឹងឯកភាព ក្នុងករណីដែលព្រែកជីកមួយនេះ មានលក្ខណៈបច្ចេកទេសស្របទៅតាមស្ដង់ដាអន្តរជាតិនោះ!។
ចិនបានចាត់ទុក សំណើរមួយនេះមានចរិតឥតសមហេតុផល ដោយកិច្ចសហការរវាង ចិននិងកម្ពុជាពុំមានទាក់ទងដល់ប្រទេសទី៣ណាមួយសោះ! ដោយឡែកប្រទេសពីរនេះ (ចិន-កម្ពុជា) ក៏ពុំមានកាតព្វកិច្ចក្នុងការត្រូវបំពេញឬផ្ដល់ព័ត៌មានណាមួយពាក់ព័ន្ធអំពីព្រែកជីក ទៅឱ្យនរណា ប្រទេសណាមួយឡើយ!ហើយក៏ជារឿងមួយដ៏អស់សំណើចផងដែរក្នុងពេលដែលវៀតណាមប្រឆាំងទៅនឹងទំនាក់ទំនង កម្ពុជា-ចិន បែរទៅជាវៀតណាមចុះឡើងចិន ដើម្បីស្វែងរកការជួយលើផ្នែកហិរញ្ញប្បទាន ក្នុងការកសាងផ្លូវល្បឿនលឿន និងផ្លូវរទេះភ្លើង រត់ពីHanoi មកកាន់ទីក្រុង HoChiMinh ក្នុងទឹកលុយប្រមាណ 70ពាន់លានដុល្លារនោះ!ដែលក្នុងពេលនោះវៀតណាម មានទំនាក់ទំនងល្អជាមួយអាមេរិកនិងជប៉ុន ហើយអាមេរិក តែងតែមានគោលនយោបាយអូសទាញ វៀតណាមនិងបណ្ដាប្រទេសអាស៊ាន ឱ្យដើរចេញពីតារាវិថីនៃឥទ្ធិពលរបស់ចិន ទាំងក្នុងនយោបាយនិងសេដ្ឋកិច្ចនោះ!។
ភាគីចិនបានអះអាងយ៉ាងច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ចិន ដែលរួមមានផលប្រយោជន៍ ទៅវិញទៅមក ជួយជំរុញនិងបង្កើនទំនាក់ទំនងរវាងចិនជាមួយអាស៊ាន ចិនជាមួយតំបន់និងលើពិភពលោក ដែលនេះជាកត្តាសត្យានុម័តស្របទៅតាមនិន្នាការ រីកចម្រើននៃសហសម័យនោះ!៕
ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ