ភ្នំពេញ៖ក្រុមពលការិនីខ្មែរ៦នាក់ទៀត ដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានសម្តែងការសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាល ដែលបានជួយយកចិត្តទុកដាក់ មើលថែទាំពួកគាត់ រហូតបានត្រឡប់មកជួបជុំ ជាមួយសាច់ញាតិបងប្អូនវិញ នៅក្នុងប្រទេសកំណើត។

ពលការិនីខ្មែរទាំង ៦នាក់នេះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុខសុវត្ថិភាព និងបានទទួលការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ទៀត។

ពលការិនី ញ៉េប សុភា បានបង្ហាញ ពីការសប្បាយចិត្ត ជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ជាពិសេសការយកចិត្តទុកដាក់ខ្លាំង ពីរាជរដ្ឋាភិបាលកកម្ពុជាចំពោះពលការិនី។

អ្នកស្រីបញ្ជាក់ថា៖«ពេលខ្ញុំបានត្រឡប់មកវិញ ខ្ញុំឃើញពួកគាត់បានយកចិត្តទុកដាក់ជា មួយពួកខ្ញុំខ្លាំង មែនទែន។ ពីដំបូងឡើយខ្ញុំអត់ទាន់ជួប ខ្ញុំអត់នឹកស្មានដល់…ដល់ពេលបានជួបហើយ បាន មានអារម្មណ៍រំភើប ចេញពីបេះដូង ដែលឃើញពួកគាត់ស្វះស្វែង ជួយប្រជាពលរដ្ឋខ្មែរយើងដែលនៅស្រុក គេត្រឡប់មកប្រទេសយើងវិញ»។
ចំណែក ពលការិនី ខា សុខៃ ដែលជាពលការិនីខ្មែរម្នាក់ទៀត ក៏បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើត និងបានជួបជុំគ្រួសារ បងប្អូនឡើងវិញ ។ ពលការិនីរូបនេះបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកកម្ពុជា ដែលបានជួយឲ្យពួកគាត់បានវិលត្រឡប់ មកស្រុកខ្មែរវិញដោយសុវត្ថិភាព។
ពលការិនីបញ្ជាក់ថា៖«ខ្ញុំមានតែអរគុណសម្ដេចដែលបានជួយខ្ញុំឲ្យបានមកខ្មែរ ជួយទិញសំបុត្រយន្តហោះតាំងពីនៅអារ៉ាប់រហូតមកដល់ខ្មែរ។ ខ្ញុំសប្បាយចិត្តជាខ្លាំងដោយសារមកដល់ដីខ្មែរ បានជួបម៉ាក់ប៉ា បងប្អូនទាំងអស់»។
ដោយឡែក ពលការិនី ផង សុភី ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ បន្ទាប់ពីខ្លួនអាចវិលត្រឡប់ មកកាន់ ស្រុក កំណើតវិញ។
ពលការិនី ផង សុភា និយាយថា៖«ឥលូវនេះខ្ញុំបានមកដល់ប្រទេសខ្មែរដោយសុវត្ថិភាពហើយ ខ្ញុំក៏សូមអរគុណដល់បងៗ ដែលខំស្វះស្វែងដើម្បីឲ្យពួកខ្ញុំបានមកដល់ប្រទេសខ្មែរ។ ខ្ញុំសង្ឃឹមថាបងប្អូនដែល នៅក្រោយ កុំបោះបង់ការទុកចិត្តនៅលើនាយករដ្ឋមន្រ្តី ព្រមទាំងបងៗក្រសួងការងារ ព្រោះពួកគាត់ព្យាយាម និងឲ្យពួក យើងបាន មកដល់ស្រុកខ្មែរវិញមិនខាន តែយើងត្រូវអត់ធ្មត់បន្តិច»។

សូមបញ្ជាក់ថា គិតត្រឹមលើកនេះទៀត មានបង ប្អូនពលការិនី ចំនួន៦៣នាក់ហើយ ដែលបានវិល ត្រឡប់មកមាតុប្រទេសវិញ ក្រោមការជួយសម្របសម្រួល ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំ នៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ តាមការស្នើឱ្យជួយអន្តរាគមន៍ ពីពលរដ្ឋខ្មែរ នៅអារ៉ាប៊ីសាអូឌីត ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងគ្រប់ភាគីពាក់ព័ន្ធ នឹងនៅតែបន្តធ្វើកិច្ចសម្របសម្រួល ដើម្បីជួយពលការិនីខ្មែរដែលនៅសល់ឲ្យ បានត្រឡប់មកស្រុកកំណើតវិញ ក្នុងពេលឆាប់ៗនេះ៕






