ភ្នំពេញ៖ នៅចំពោះមុខប្រមុខ ការពារជាតិចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនង ដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើន ទំនាក់ទំនងនេះ បានកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាមួយមិត្តចិន។

ការសន្យានេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងនាយឧត្តមសេនីយ៍ ទៀ សីហា និងលោក ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ និតចិន កាលពីថ្ងៃ២ មិថុនា ក្នុងឱកាសរដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួម ក្នុងកិច្ចសន្ទនា Shangri-La លើកទី ២១ នៅសិង្ហបុរី។
ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានអបអរសាទរចំពោះ លោកទុង ជុន ត្រូវបានរដ្ឋាភិបាលចិន តែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ។

នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ ។ ក្នុងនោះនាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា ចំពោះទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ដោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង កងទ័ពទាំងពីរ ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន មកដល់បច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានអញ្ជើញលោកទុង ជុន មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ ។
មានមតិឆ្លើយតបវិញ លោក ទុង ជុន បានវាយតំលៃ ខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាកងទ័ពនៃប្រទេសទាំងពីរ ។

លោកចាត់ទុកនាយឧត្តមសេនីយ៍ ទៀ សីហា ជាអ្នកដឹកនាំបន្តវេននៃកងទ័ពកម្ពុជា-ចិន ដើម្បីបន្តដឹកនាំ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ។
ជាមួយគ្នានេះ លោក ទុង ជុន ក៏បានអញ្ជើញនាយឧត្តមសេនីយ៍ ទៀ សីហា ទៅទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំសៀងសាន នៅចិនក្នុងឆ្នាំ២០២៤នេះផងដែរ ៕
