ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឲ្យប្រទេសជាតិមានមូលធនមនុស្ស គ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យក្រចេះ នាថ្ងៃ៤ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃខ្ពស់ចំពោះគោលបំណង នៃអនុស្សារណៈនេះ ពិសេសការជួយសហការគ្នា រៀបចំការអភិវឌ្ឍធនធានមនុស្ស ការរៀបចំចែករំលែកបទពិសោធន៍លើការដឹកនាំកម្មវិធីអប់រំ ការប្រើប្រាស់ធនធានសិក្សា ព្រមទាំងយន្តការនានាសំដៅជំរុញឱ្យ ការងារមានប្រសិទ្ធភាពកាន់តែខ្លាំងក្លា ក្នុងគោលដៅគាំទ្រតាមផែនការ នៃការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណវុឌ្ឍិខ្ពស់ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន សម្រាប់នីតិកាលទី៧។
ដូចបណ្តាប្រទេសដទៃទៀតដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា «ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឲ្យប្រទេសជាតិមានមូលធនមនុស្ស គ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ ក៏ដូចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យមានការរីកចម្រើនជឿនលឿន ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងចីរភាព ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា ដូចជា ជប៉ុន សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ជាដើម»។
ដើម្បីជួយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យដៃគូទាំង៤ មានមូលដ្ឋានកាន់តែច្បាស់ ក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឲ្យខិតខំរួមគ្នាពង្រឹង និងអភិវឌ្ឍន៍ការងារស្រាវជ្រាវ តាមគ្រប់រូបភាព ពិសេសពាក់ព័ន្ធសមត្ថភាពអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការតាមដានវាយតម្លៃ និងការលើកជាអនុសាសន៍ពាក់ព័ន្ធការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយពាក់ព័ន្ធ ដើម្បីបម្រើឱ្យការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៕