ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ឯកភាពឱ្យមានការសន្ទនា ដើម្បីកសាងទំនុកចិត្ត រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នៅក្នុងជំនួបរវាង មេដឹកនាំនយោបាយកំពូលរបស់កម្ពុជា និងប្រមុខការពារជាតិអាមេរិក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ភាគីទាំងពីរ ឯកភាពឱ្យមានការសន្ទនា ដើម្បីស្វែងរកផ្លូវថ្មីមួយ ក្នុងទំនាក់ទំនង និងកសាងនូវទំនុកចិត្ត រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បញ្ជាក់ថាយើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនង​ រវាងប្រទេសទាំងពីរ បានប្រសើរឡើងវិញ។

លោក បានគិតថា​ “នេះជាឱកាស ដែលប្រទេសទាំងពីរ អាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនង របស់យើង បើទៅះបីជាយើងមានបញ្ហាខ្លះៗ នៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេស យើងទាំងពីរ​”។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ លោករដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អ ឲ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងយើងមិនអាក្រក់ពេកនោះទេ ។

សម្តេចបានចាត់ទុកថាកន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នា ទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មាន និងការវាយតម្លៃខុស ដែលធ្វើឲ្យភាគីទាំងពីរ មានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្ដេចតេជោ និងលោកអូស្ទីន បានឯកភាពគ្នាលើការបន្តអោយ មានការសន្ទនាគ្នា ដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនង រវាងកម្ពុជានិងអាមេរិក ដើម្បីអនាគត។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានកោតសរសើរចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំ ក្នុងវិស័យការពារជាតិ ដើម្បីរៀបចំនូវទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជា ទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិ ដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តអោយកាន់តែខ្លាំង ដើម្បីអនាគត របស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើម ព្រោះការនៅឆ្ងាយពីគ្នានឹងនាំអោយបាត់បង់ព័ត៌មាន ។

សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអាទិភាពគឺការសន្ទនាជាពិសេស នៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នា ទៅវិញទៅមក និងកសាងនូវទំនុកចិត្ត ឲ្យកាន់តែខ្លាំងឡើងវិញ រវាងប្រទេសទាំង២ ៕

To Top