ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់ថា ដំណើរទស្សនកិច្ច របស់លោក Lloyd James Austin III រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក មកកាន់កម្ពុជា នាពេលនេះ នឹងផ្ដល់នូវកាលានុវត្តភាពថ្មី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ។
ការបង្ហាញការជឿជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាការងារ ជាមួយលោករដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin នៅវិមានសន្តិភាព ខណៈរដ្ឋមន្ត្រីការពារជាតិរូបនេះ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។
ក្នុងជំនួបនេះ លោក Lloyd James Austin III បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលលើកទី១ លោកបានចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ានបូក កាលពីឆ្នាំ២០២២ ។ ក្នុងដំណើរទស្សនកិច្ចលើកទី២នេះ លោកមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើន ដែលប្រទេសទាំងពីរ អាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ ដោយសហរដ្ឋអាមេរិក នឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងាររួមគ្នា យ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការ ក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។
លោករដ្ឋមន្រ្តីការពារជាតិ ក៏បានបង្ហាញក្តីសោមនស្សរីករាយ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាប្រទេស សម្របសម្រួល កិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រីការពារជាតិ ក៏បានសម្តែងនូវការកោតសរសើរ អំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា ហើយលោកមានជំនឿជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យបោសសម្អាតមីននេះបន្ថែមទៀត។
លោករដ្ឋមន្ត្រីការពារជាតិ ក៏បានគូសបញ្ជាក់ អំពីការផ្លាស់ប្ដូរ នូវកិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្ដូរទស្សនៈររវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Lloyd James Austin III និងគណៈប្រតិភូ ព្រមទាំងបានអរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី មកព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។
ជាមួយគ្នានេះ សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារជាតិ នឹងផ្ដល់នូវកាលានុវត្តភាពថ្មី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម។
សម្ដេចធិបតី និងលោករដ្ឋមន្ត្រីការពារជាតិ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានស្នើឱ្យ លោករដ្ឋមន្ត្រីការពារជាតិ បន្តនូវកិច្ចសហប្រតិបត្តិការឡើង វិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរ និស្សិតផ្នែកកងទ័ព រវាងប្រទេសទាំងពីរ និងកិច្ចប្រតិបត្តិការ លើការធ្វើសមយុទ្ធយោធា រវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានជូនពរ លោករដ្ឋមន្រ្តីការពារជាតិ ឱ្យទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕