ភ្នំពេញ ៖ កិត្តិនាមកម្ពុជាស្អាត លើឆាកអន្តរជាតិ គឺអាស្រ័យលើសំឡេង របស់ក្រុមយុវជន អ្នកស្រឡាញ់បរិស្ថាន។ នេះជាការថ្លែងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបសំណេះសំណាល ជាមួយក្រុមយុវជន អ្នកស្រឡាញ់បរិស្ថាន សកម្មជនបរិស្ថាន យុវជនសំរាម និងនិស្សិតប្លាស្ទិក នាថ្ងៃទី៤ មិថុនា ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណនិងគាំទ្រ ចំពោះក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន ដែលបានរួមចំណែក ធ្វើឲ្យកម្ពុជាស្អាត តាមរយៈការចូលរួមសំអាតអនាម័យបរិស្ថាន រើសសំរាម សំណល់ប្លាស្ទិកពីក្នុងលូ ប្រឡាយ នៅមុខរោងចក្រ និងនៅតាមទីសាធារណៈនានា ដើម្បីប្រមូលទុកដាក់បានត្រឹមត្រូវ។

រដ្ឋមន្រ្តីបន្ថែមថា ដើម្បីកម្ពុជាស្អាត ចាំបាច់ត្រូវមានការចូលរួមពីយុវជន និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ហើយក្នុងនោះបានចាប់ផ្តើមពីចំណុចដំបូងគេ គឺធ្វើឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាតដែលផុសចេញពីចិត្តស្អាតនេះ បានធ្វើឲ្យកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។

យោងតាមប្រសាសន៍របស់ លោកបណ្ឌិត អ៊ាង សុផល្លែត លទ្ធផលសម្រេចបាននាពេលនេះ គឺជាការសបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យ នៃវិធានការ ការពារបរិស្ថានកម្ពុជា ហើយលើសពីវិធានការការពារ ក្រសួងបរិស្ថាន និងក្រុមយុវជនអ្នក ស្រឡាញ់បរិស្ថាន រួមទាំងពាក់ព័ន្ធទាំងអស់ បានបន្តទៅដល់ការព្យាបាល គឺជាការរួមគ្នាក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ដែលកំពុងរីកសាយភាយនូវភាពស្អាត ពីភូមិទៅដល់ឃុំ បន្តទៅដល់ស្រុកនឹងរហូតទៅដល់ខេត្ត នៅទូទាំងកម្ពុជា ដើម្បីបង្ហាញពីបទពិសោធន៍ស្អាតនេះ ទៅដល់ឆាកអន្តរជាតិថា កម្ពុជាដែលជាផ្ទះរបស់ទាំងអស់គ្នាស្អាត ហើយក៏មិនអនុញ្ញាតឲ្យអ្នកដទៃ មកវាយតម្លៃ ឬតិះតៀន ប្រមាថកម្ពុជាបែបនេះ បែបនោះទៀតឡើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា កម្លាំងសាមគ្គី របស់យុវជន និងប្រជាពលរដ្ឋខ្មែរ ពិតជាចលករស្អាត ដ៏សំខាន់ខ្លាំងក្លា ក្នុងការនាំកម្ពុជាឈានឆ្ពោះទៅកាន់ទម្លាប់ស្អាត គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន៕
