ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា “សម្រាប់ប្រទេសកម្ពុជា និងបណ្ដាសមាជិក អាស៊ានទាំងអស់ មិនទាន់មានភាពធន់ក្នុងការឆ្លើយតបនឹងបញ្ហាថ្មីនេះនៅឡើយ ដែលបញ្ហាទាំងនោះ រួមមាន ព័ត៌មានក្លែងបន្លំ, ការវាយប្រហារ តាមរយៈព័ត៌មាន, និងដំណឹងក្លែងក្លាយ”។
នេះជាប្រសាសន៍ របស់លោកក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣ ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ នាថ្ងៃ៥ មិថុនា។
លោកបន្តថា ជារឿយៗ ការបំភ័ន្តព័ត៌មានត្រូវបានក្លែងបន្លំជាព័ត៌មានពិត ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែង ដូចជាករណីអ្នកកាសែតចិនតៃវ៉ាន់ពីរនាក់ ដែលបានចូលមកកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផលិតវីដេអូបំផ្លើសការពិត អំពីសកម្មភាព ពាក់ព័ន្ធនឹងការបង្ខាំងខុសច្បាប់ និងការធ្វើទារុណកម្មនៅក្នុង សួនឧស្សាហកម្មនៅកម្ពុជា ដែលជាតំបន់ពាក់ព័ន្ធនឹងគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)» របស់ចិន។
ព័ត៌មានប្រឌិតទាំងនេះដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិតនិងប្រព័ន្ធបណ្ដាញសង្គម បានបង្ខូចមុខមាត់កម្ពុជា, រារាំងភ្ញៀវទេសចរបរទេសមិនឲ្យចូលមកទស្សនា, ធ្វើឲ្យភាពតានតឹងសង្គមកាន់តែធ្ងន់ធ្ងរ បំបាត់ការជឿទុកចិត្តលើរាជរដ្ឋាភិបាល និងពន្យឺតដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោកថា បញ្ហានេះ ត្រូវបានពង្រីកខ្លួនបន្ថែមទៀត ជាមួយនឹងការលេចឡើង នូវបញ្ញាសិប្បនិមិត្ត(AI) ដែលបាននិង កំពុងត្រូវបាន ប្រើប្រាស់ជាអាវុធនយោបាយពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីបង្កើតឧបាយកល ប្រព័ន្ធផ្សព្វផ្សាយសង្គម, ការបង្កើត បណ្ដាញគ្រប់គ្រង សិប្បនិម្មិត, និងយុទ្ធសាស្រ្តផ្លូវចិត្តក្នុងគោល បំណងគ្រប់គ្រង របៀបវារៈសង្គម, បង្កើនការមិនទុកចិត្តគ្នា, ការភ័ន្តច្រឡំ ក៏ដូចជាការបន្តឲ្យសង្គមបែកបាក់។ ការណ៍នេះ បង្កឲ្យមានផលអវិជ្ជមានដល់តម្លៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាល និងបង្កអស្ថិរភាពចំពោះប្រទេស ដែលជាគោលដៅក្នុងតំបន់អាស៊ាន។
លោកបន្តទៀតថា ក្នុងបរិបទនេះ ទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាក្នុងភាពជាដៃគូជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣នេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងឧត្តមានុវត្តលើការប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ រួមទាំងបច្ចេកទេសពិនិត្យអង្គហេតុ គំនិតផ្តួចផ្តើមធ្វើអក្ខរកម្មព័ត៌មាន និងក្របខ័ណ្ឌគោលនយោបាយ។
ក្នុងនោះក៏មានកិច្ចពិភាក្សាអំពីបញ្ហាប្រឈមចម្បងៗដែលកំពុងចោទឡើង ទាំងនៅក្នុងប្រទេសក្នុងអាស៊ាន ទាំងប្រទេសក្រៅតំបន់អាស៊ាន និងស្វែងរកដំណោះស្រាយរួមគ្នា។ បង្កើតយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការកសាងសមត្ថភាព ដើម្បីបង្កើតសហគមន៍អាស៊ានមួយ ដែលកាន់តែមានព័ត៌មានគ្រប់ជ្រុងជ្រោយនិងភាព ធន់បន្ថែមទៀត។ លើកកម្ពស់អាកប្បកិរិយា តាមអនឡាញឲ្យកាន់ តែប្រសើរឡើង និងការចូលរួមប្រកបដោយ សីលធម៌នៅលើវេទិកា បណ្ដាញព័ត៌មានសង្គម៕