ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤ ការងារសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា មានប្រវែង ៥៣០ម៉ែត្រ ស្ថិតនៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចបាន៤១,៥០% ហើយគ្រោងដាក់ឲ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ នាថ្ងៃ៥ មិថុនា បានលើកឡើងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (វាលវែង-សំឡូត-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់ បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨% , ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% , ការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

ដោយឡែក សម្រាប់ស្ពានខ្ពស់ជាងគេ នៅខេត្តពោធិ៍សាត់វិញ ស្ថិតនៅក្នុងគម្រោង ស្ថាបនាផ្លូវជាតិលេខ១០នេះ អ្នកនាំពាក្យគូសបញ្ជាក់ថា “ការងារស្ពានខ្ពស់ ជាងគេប្រវែង ៥៣០ម៉ែត្រសម្រេចបាន ៤១,៥០% គ្រោងដាក់ឲ្យ ប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ”។

អ្នកនាំពាក្យបន្ថែមថា នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរ បានដោយរលូន តែត្រូវមានការប្រុង ប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

សូមបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាពដូចតទៅ ៖ ពីpk0(សំឡូត)-pk60(ក្រពើពីរ)កៅស៊ូ ,ពីpk 60-pk 85 ក្រួសក្រហម ,ពីpk 85-pk112(អូរសោម)កៅស៊ូ ,ពីpk 112 -pk 130 ក្រួសក្រហម (អាចរអិលបន្តិចបន្តួច ពេលភ្លៀងលើកំណាត់ខ្លះៗ),ពីpk 130-pk 160 កៅស៊ូ,pk 160 -pk 175 ក្រួសក្រហម និងពីpk 175-pk 198 (កោះកុង)កៅស៊ូ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨.៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។

គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ៕
