ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនា និងគុណភាពផ្លូវជនបទចំនួន៥ខ្សែ ក្នុងភូមិសាស្ដ្រខេត្តកំពត។
នាឱកាសនៃការអញ្ជើញ ចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី សំណាក់អភិបាលរងខេត្តកំពត , អភិបាលស្រុកទឹកឈូ , ស្រុកឈូក, ស្រុកអង្គរជ័យ , ស្រុកបន្ទាយមាស ព្រមទាំងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្សែផ្លូវទាំង៥ ខ្សែនោះរួមមាន៖ខ្សែទី១ មានប្រវែងសរុប ១១,៣ គ.ម. ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៦ គ.ម. ទទឹង ៦ម៉ែត្រ និង ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥ គ.ម. ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសង ខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ៣កន្លែង, លូមូលមុខ១ សរុប ចំនួន ២៩កន្លែង តភ្ជាប់ពីចំណុចសាលាស្រុកទឹកឈូ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ទៅដល់ក្លោងទ្វារវត្តកំពូលមាស ភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៤២%។
ខ្សែទី២ មានប្រវែងសរុប ៥ គ.ម. ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៣៩៤ម៉ែត្រ ទទឹង ៦ម៉ែត្រ និងក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤ ៤៣០ម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ១កន្លែង, លូមូលមុខ១ សរុប ចំនួន ៩កន្លែង តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ទៅដល់ ភូមិមានរិទ្ធ ឃុំកណ្ដោល ស្រុកទឹកឈូ ។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាង សង់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៦០%។
ផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រ និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។
ខ្សែទី៣ ជាប្រភេទ កៅស៊ូពីរជាន់ (DBST) មានប្រវែង ២០ គ.ម.ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង៦ម៉ែត្រ ចិញ្ចើមសងខាង ក្រាលល្បាយក្រួសម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ១០កន្លែង, លូមូលសរុប ចំនួន ៣៩កន្លែង តភ្ជាប់ពីចំណុចទីរួម ស្រុកឈូក ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ទៅដល់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិត្រពាំងរុន ឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ ។ ផ្លូវនេះ សម្រេចលទ្ធផលបាន ៧៨% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែកក្កដា ឆ្នាំ២០២៤ នេះ។
ខ្សែទី៤ ជាប្រភេទ កៅស៊ូពីរជាន់ (DBST) មានប្រវែង ៦,៥ គ.ម. ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាល ល្បាយក្រួសម្ខាងៗ ០,៥ម៉ែត្រ មានសំណង់លូប្រអប់ ២កន្លែង, លូមូលសរុប ចំនួន ៩កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ទៅដល់ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ។ ផ្លូវនេះ សម្រេចលទ្ធផលបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែកក្កដា ឆ្នាំ២០២៤ នេះ។ ខ្សែផ្លូវទី៣ និងទី៤ នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP3)។
ខ្សែទី៥ ជាប្រភេទកៅស៊ូ ពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥ ២៨១ ម៉ែត្រ ទទឹងក្រាលកៅស៊ូពីរ ជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលថ្មមិចម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ៤កន្លែង, លូមូលសរុប ចំនួន ១៧កន្លែង តភ្ជាប់ពីភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ទៅដល់ផ្លូវជាតិលេខ ៣១ ត្រង់ចំណុចភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយ ។ ផ្លូវមួយខ្សែនេះ មានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាង សង់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ លទ្ធផលសម្រេចបាន ៧០% ស្ថិតនៅក្នុងក្របខ័ណ្ឌ គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ។
ក្នុងឱកាសពិនិត្យការដ្ឋាន ស្ថាបនាផ្លូវទាំង ៥ខ្សែ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការ សាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់ អនុវត្តបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាព ផ្លូវជាប់ និងប្រើប្រាស់ បានយូរអង្វែង។ ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយពលរដ្ឋ រស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ពលរដ្ឋទាំងអស់ផងដែរ ។ ជាមួយគ្នានោះ រដ្ឋមន្ដ្រី បានជូនបង្គោល និងអំពូលភ្លើងសូឡា ដែលដើរដោយប្រព័ន្ធព្រះអាទិត្យ ចំនួន ២០ឈុត ដល់សហគមន៍កសិកម្មសែន ហានចម្រើនផល នៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាសផងដែរ ៕