ព័ត៌មានជាតិ

ប្រធានាធិបតីអ៊ីស្រាអែល ព្រមានធ្វើសង្គ្រាម ប្រឆាំងក្រុមហេបូឡា

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតី Isaac Herzog បាននិយាយថា ពិភពលោកមិនគួរ ភ្ញាក់ផ្អើលទេ នៅពេលដែលអ៊ីស្រាអែល ឆ្លើយតបទៅនឹង អំពើភេរវកម្ម ពីភាគខាងជើង ដែលនេះគឺជាអ្វី ដែលលោក ប្រធានាធិបតី Isaac Herzog បាននិយាយដោយលើកឡើង បែបព្រមានថារដ្ឋាភិបាល ទីក្រុងយេរូសាឡឹម កំពុងរៀបចំត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងក្រុមហេបូឡា Hezbollah ដែលមានមូលដ្ឋាននៅលីបង់។

លោក Herzog បានលើកយកប្រទេសលីបង់ក្នុងពិធីកាលពីថ្ងៃពុធនៅទីក្រុងយេរូសាឡឹម ដែលប្រារព្ធខួបលើកទី៥៧ នៃអ៊ីស្រាអែលដណ្តើមកាន់កាប់ទីក្រុងទាំងមូលក្នុងអំឡុងពេលជម្លោះឆ្នាំ ១៩៦៧ជាមួយអេហ្ស៊ីប ស៊ីរី និងហ្ស៊កដានី។

លោក Herzog បានអះអាងថា អ៊ីស្រាអែលត្រូវបានវាយប្រហារ ដោយអ្នកតំណាងរបស់អ៊ីរ៉ង់នៅលីបង់ ជារៀងរាល់ថ្ងៃ ហើយឥឡូវនេះមិនមែនជាពេល ដែលត្រូវឈរនៅក្បែរ និងអនុញ្ញាតឱ្យអ្វីៗកើនឡើងងាយៗនោះទេ។

នៅព្រឹកថ្ងៃដដែល យន្តហោះគ្មានមនុស្សបើកពីរគ្រឿង ដែលបាញ់បង្ហោះដោយក្រុម Hezbollah បានវាយប្រហារទីក្រុង Hurfeish ជិតព្រំដែនជាមួយប្រទេសលីបង់ ដោយបានសម្លាប់ទាហាន របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងមនុស្សដប់នាក់ទៀតរងរបួស ។

គួរឲ្យដឹងដែរថាក្រុម​នេះ​ក៏​បាន​អះអាង​ថា ​បាន​វាយប្រហារ​ទីតាំង ​ការពារ​មី​ស៊ី​ល Iron Dome ក្នុង​ទីក្រុង Ramot Naftali ដោយ​ប្រើ​មីស៊ីលបញ្ជាពីចំងាយផងដែរប៉ុន្តែ IDF បាននិយាយថា ខ្លួនមិនអាចបញ្ជាក់រឿងនេះបានទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top