ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការអំពាវនាវទៅដល់ក្រុមសិល្បៈនានា ដែលចូលរួមសម្តែង ក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ។
ការចេញសារបែបនេះ របស់ក្រសួងបន្ទាប់ពីក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ មួយចំនួនធ្វើឲ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។
យោងតាមសេចក្ដីណែនាំ និងអំពាវនាវរបស់ក្រសួងវប្បធម៌ នាថ្ងៃ៧ មិថុនា បានគូសបញ្ជាក់ថា ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឲ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។
ជាមួយគ្នានេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែល មានជាធរមាន។
លិខិតបញ្ជាក់ថា ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ អាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឲ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន៕