ព័ត៌មានជាតិ

គជប ខេត្តកំពង់ចាម ធ្វើសន្និបាត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤

" "

កំពង់ចាម ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៤ នេះ បានធ្វើសន្និបាត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ នៅសណ្ឋាគារ អិល ប៊ី អិន ក្នុងក្រុងកំពង់ចាមក្រោមអធិបតីភាព អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក សោម សូរីដា សមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោត ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ផ្អែកតាមបទពិសោធន៍ ការបោះឆ្នោតមុនៗ និងបានទទួលជោគជ័យដូចជាការរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផល នៃបូកសរុបការងារបោះឆ្នោត កន្លងនៅ គ.ជ.ប បានធ្វើការកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការអនុម័តបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតសកល និងអសកល និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោត។

" "

លោកអភិបាលខេត្តបានបន្តថា ជាការពិតណាស់ថា ប្រទេសនីមួយៗ លើសកលលោក ដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវមានយន្តការរៀបចំការបោះឆ្នោតជាចម្បង។ ការរៀបចំការបោះឆ្នោត អាចប្រព្រឹត្តទៅបានអាស្រ័យដោយសារប្រទេសជាតិទាំងនោះ មានសន្តិភាព ដូចប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍ ទើបប្រទេសយើង បានរៀបចំការបោះឆ្នោត ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អ ដូចយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងមតិអន្តរជាតិ។

" "

លោកអភិបាលខេត្ត បានយកឱកាសនោះ សម្តែងនូវការកោតសរសើរ ដល់សមាជិក សមាជិកានៃអង្គសន្និបាត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ រិៈរកចំណុចល្អដែលបាន ជួបប្រទះក្នុងការអនុវត្តការងារកន្លងមក យកមកពិភាក្សា ឱ្យបានផុសផុល និងគ្រប់ជ្រុងជ្រោយដើម្បីជាគន្លឹះ សម្រាប់ការរៀបចំការបោះឆ្នោតលើកក្រោយៗទៀតនៅប្រទេសកម្ពុជាយើងទទួលបានលទ្ធផលល្អប្រសើរ ។

លោក សោម សូរីដា សមាជិកគណៈកម្មការជាតិ រៀបចំការបោះឆ្នោត បានឱ្យដឹងថា កិច្ចការដែល គជប បាន និងកំពុងអនុវត្តកន្លងមក ទាក់ទងទៅនឹងទំនើបកម្ម នៃដំណើរការរៀបចំការបោះឆ្នោត ទំនើបកម្មទី ១ នៃទំនើបកម្មផ្សេងៗទៀតនោះ គឺការរៀបចំបញ្ជីបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ដែលពីមុនមក យើងអនុវត្តដោយដៃ គឺមានការលំបាកធ្វើបច្ចុប្បន្នភាពអ្នកចុះឈ្មោះបោះឆ្នោត ពីព្រោះយើងមិនអាចដឹងថាតើ ក្នុងប្រព័ន្ធរបស់យើង មានអ្នកចុះឈ្មោះលើសពីមួយដង ដោយរបៀបណា ។

ប៉ុន្តែនៅពេលដែលយើងប្រើបច្ចេកវិទ្យាព័ត៌មាន ក្នុងការរៀបចំបញ្ជីបោះឆ្នោត យើងអាចដឹងពីចំនួនអ្នកបោះឆ្នោតពិតប្រាកដ យើងអាចធ្វើបច្ចុប្បន្នភាព និងយើងអាចធានា ទៅតាមផ្លូវច្បាប់អំពីប្រជាពលរដ្ឋខ្មែរម្នាក់ មានឈ្មោះតែមួយគត់នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ។ ម្យ៉ាងទៀតការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនេះ ត្រូវបានវាយតម្លៃ អំពីគុណភាពនៃបញ្ជី ដែលមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ៕

To Top