ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ដែលប្រារព្ធឡើងនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអបអរសាទរចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តព្រៃវែង ជាមួយគណៈអភិបាល។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្រុមប្រឹក្សាគឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ»។
លោកឧបនាយករដ្ឋមន្ត្រី បានរម្លឹកអង្គពិធីថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណសំខាន់ ដូចជា៖
១. ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។
២. ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
និង៣. លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ៕