ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានថ្លែងបញ្ជាក់ថា ក្រៅពីតួនាទី ស្នូលជា កងទ័ព យោធិនគ្រប់រូប ត្រូវចូលរួមការកែទម្រង់ កងយោធពលខេមរភូមិន្ទ ឲ្យបានស្មើមុខស្មើមាត់ ជាមួយបណ្ដាប្រទេសផ្សេងៗទាំងក្នុងតំបន់ និងពិភពលោក ថែមទាំងចូលរួមបង្ក្រាបបទល្មើសផ្សេងៗ មានជាអាទិ៍បទល្មើស កាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សជាដើម ។
ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់កងកម្លាំងនៅទិសយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ផ្ញើជូនកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ។
លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់នាយទាហាន ពលទាហាន កងកម្លាំងអាវុធហត្ថ កងនរគបាលជាតិ នៅទិសយោធភូមិភាគទី៤ ក្នុងបុព្វហេតុការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ ធ្នាប់ធ្នាប់សង្គម។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ធ្ងន់ថា សន្តិភាពដែលយើងមានគឺ ទទួលបានដោយសារ មានការលះបង់អាយុជីវិតរបស់ថ្នាក់ដឹកនាំ និងជោគជ័យនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកការអភិវឌ្ឍ ប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋរស់ នៅសុខដុមរមនា។ ដូច្នេះ យើងគ្រប់គ្នាត្រូវថែរក្សាសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
ពាក់ព័ន្ធជាមួយបទ ល្មើសកាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្ស នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាឱ្យកម្លាំង ប្រដាប់អាវុធយោធភូមិភាគ អនុវត្តឱ្យបានដាច់ខាតបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការពារព្រៃឈើ នៅតំបន់អភិរក្សទូទាំងប្រទេស ឱ្យខាងតែបាន និងបានប្រគល់ភារកិច្ចសំខាន់៣ ចំណុចឱ្យកម្លាំង យោធភូមិភាគទី៤៖ ទី១ត្រូវសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ទី២ត្រូវរុករកបទល្មើស ភ្លាមនៅកន្លែង ដែលសង្ស័យ ទី៣ត្រូវធ្វើការហ្វឹកហ្វឺនដល់យោធិន និង ចុះអនុវត្តនៅតាមភូមិសាស្ត្រជាក់ស្ដែង ៕