ភ្នំពេញ ៖ ការពិចារណាលើការរៀបចំ ដាក់តំបន់ការពារធនធាន ធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park)ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

បន្ថែមពីនេះ លោកបណ្ឌិតរដ្ឋមន្រ្តី ថា តំបន់ឧទ្យានអង្គវត្ត និងដែន ជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើស ឱ្យមានការរៀបចំជាសួន /ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅ លំហែ បៃតងថ្មីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងបំរើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផង។

លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ទីប្រឹក្សាជាន់ខ្ពស់JICA បានថ្លែងការកោតសរសើរ ស្វាគមន៍ និងគាំទ្រដល់បេក្ខភាព នៃតំបន់ ការពារធម្មជាតិទាំងពីរខាងលើ និងបានស្នើ ដល់ក្រសួងបរិស្ថាន ពិចារណារៀបចំ ក្រុមការងារ ដើម្បីសិក្សា លទ្ធភាព លើបេក្ខភាពតំបន់ ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារ ធម្មជាតិផ្សេងៗទៀត៕


