កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំសហការី ដោយមានការចូលរួមពីព្រះសង្ឃផងនោះ បាននិមន្ត និង អញ្ជើញប្រគល់ផ្ទះបន្ទាប់ទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនដូនចាស់ជរាគ្មានទីពឹង ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ រស់នៅ ភូមិអង្គរបានទី ៧ ឃុំអង្គរបាន ស្រុកកងមាស ។

លោក ទូច ឆៃ នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា លោកយាយ ប៊ន់ សេងងួន ជាចាស់ជរាទុរគត រស់ ហើយស្នាក់នៅក្រោមផ្ទះអ្នកជិតខាងយ៉ាងកំសត់តែ ២នាក់ ចៅប្រុស ១នាក់ ដែលឪពុកម្តាយគេ បានធ្វើចំណាកស្រុកក្រៅខេត្ត ។ មិនត្រឹមតែគ្មាន មុខរបរអ្វីចិញ្ចឹមជីវិតទេ តែដូនចាស់ម្នាក់នេះ មានទាំងជម្ងឺប្រចាំ កាយថែមទៀត ។ សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាង ប៉ុណ្ណោះ ។ ដូនចាស់ជរាទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ ១៣ម × ២២ ម ក្នុងភូមិអង្គរបានទី ៧ នេះ ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក គាត់ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ ។

តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណស្រុក និងដោយ មើលឃើញពីស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត ១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជនជាក្រុមការងារចុះជួយឃុំអង្គរបាន ជូនដូនចាស់ ប៊ន់ សេងងួន សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

លោក ទូច ឆៃ បានបន្តថា ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនដូនចាស់ជរា សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៥នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕
