ភ្នំពេញ ៖ នៅរសៀលថ្ងៃសោរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរ បានអញ្ជើញដឹកនាំក្រុមការងារ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក យូ ស៊ុនឡេង ចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ទ្វារទឹក និងស្ថានីយបូមទឹក នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ក្នុងខេត្តកំពង់ស្ពឺ និងការងារស្តារប្រឡាយព្រែកហូរ ក្នុងខេត្តកណ្តាល ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានលទ្ធភាព ដោះទឹកពីស្ទឹងព្រែកត្នោត បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី ។ គិតមករហូតមកដល់ពេលនេះ វឌ្ឍនភាពការងារ នៃអនុគម្រោងសំណង់ទ្វារទឹក និងប្រព័ន្ធដោះទឹកជំនន់ស្ទឹងតូច សម្រេចបានប្រមាណ ៧០%។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី និងក្រុមការងារបានចុះពិនិត្យសំណង់ស្ថានីយបូមទឹក សាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានអគារកម្ពស់ ៨ម៉ែត្រ មានទទឹងខាង ២៧ម៉ែត្រ និងបណ្តោយ ទាំងថ្មការពារជើងទេរមុខក្រោយ ១៥០ម៉ែត្រ មានក្បាលបូម ៦គ្រឿង អាចបូមបាន ៣០ម៉ែត្រគូប ក្នុង១វិនាទីក្នុង១គ្រឿង។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងក្រុមការងារ ក៏បានចុះពិនិត្យវឌ្ឍនភាព ការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងខេត្តកណ្តាល ដែលធ្វើការស្តារស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោម ចាប់ពីខាងកើតផ្លូវជាតិលេខ៣។ គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥% ហើយគ្រោងបញ្ចប់ ក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ៕















