ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា មន្ដ្រីជាអ្នកបម្រើរាស្ដ្រ ហើយការបម្រើនេះ គឺប្រៀបដូចបម្រើខ្លួន និងក្រុមគ្រួសារខ្លួនឯង ។
នាឱកាសអញ្ជើញ ជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា សម្ដេចធិបតី បានរំលឹកនូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយ របស់ប្រជារាស្ត្រឡើយ ។ សម្ដេចបន្ដថា ជាការពិតណាស់ មន្ដ្រីមានការងារ មានឱកាស មានតួនាទី នាពេលបច្ចុប្បន្ន គឺដោយសារការគាំទ្ររបស់ប្រជាជន។
ជាមួយគ្នានេះ សម្ដេចធិបតីបន្ថែមថា មន្ដ្រីគ្រប់រូប ក៏ជាប្រជារាស្ដ្រដែរ ព្រោះនៅពេលមន្រ្តីចូលនិវត្តន៍ទៅ ក៏ក្លាយទៅជាប្រជារាស្រ្តធម្មតាវិញ ដូច្នេះក្នុងនាមជាមន្រ្តីរាជការ ត្រូវបម្រើរាស្រ្តឲ្យដូចជាបម្រើកូនចៅរបស់ខ្លួនឯងដែរ។
សម្ដេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ចឹងបម្រើប្រជារាស្ដ្រ គឺដូចបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង ចាំពាក្យនេះទៅ។ តើយើងចង់រស់នៅក្នុងបរិស្ថាននេះ ងាយស្រួលរស់នៅទេ សេវាសាធារណៈទាន់ចិត្តល្អប្រសើរទេ បើយើងចង់បាន សម្រាប់យើង សម្រាប់កូនយើង សម្រាប់គ្រួសារយើង គួរអនុវត្ត ព្រោះយើងចូលរួមក្នុងការផ្ដល់ សេវាឲ្យមន្ដ្រីផ្សេងទៀត ផងដែរ ដែលជាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើង»។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ដទៀតថា តើសង្គមជាតិរបស់យើងបច្ចុប្បន្ន និងទៅអនាគត តើត្រូវអនុវត្តបែបណា? គ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈ ដែលតម្រូវឲ្យមានការអន្តរាគមន៍ ឬការចរចា នោះទេ៕