ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ឧបត្ថម្ភថវិកា និងចែកអំណោយ ដល់ពលរដ្ឋរងគ្រោះ ដោយខ្យល់ព្យុះរលំផ្ទះ នៅឃុំជ័យធំ

ភ្នំពេញ ៖ បន្ទាប់ពីចូលរួមទស្សនា ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ រួចមក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ដដែលនេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយលោក ចេង ឌីណា អភិបាល ស្រុកខ្សាច់កណ្តាល និង សហការី ព្រមទាំងអនុសាខាកាក បាទក្រហម ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានចុះសួរសុខទុក្ខ និង នាំយកអំណោយ ចែកប្រជាពលរដ្ឋ រងគ្រោះដោយ ខ្យល់ព្យុះរលំផ្ទះ ប៉ើងដំបូល នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីល្ងាចថ្ងៃ៨ មិថុនា ។

ប្រជាពលរដ្ឋនៅឃុំជ័យធំ ទទួលរងគ្រោះដោយគ្រោះធម្មជាតិ មានចំនួន២ភូមិ គឺភូមិតាគាត់កើត និងភូមិព្រែកថ្មី ដែលមានផ្ទះខូចខាតសរុបចំនួន២១ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន៣ខ្នង និងខូចខាតដំបូលតិចតួចចំនួន១៨ខ្នង។ ក្រៅពីការខូចខាតផ្ទះប្រជាពលរដ្ឋ ក៏មានខូចខាតផលដំណាំ និងកសិដ្ឋានដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ផងដែរ ដោយខ្យល់ព្យុះធ្វើឲ្យរលំផ្ទះសំណាញ់ អស់ជាច្រើនខ្នង ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភថវិកា មួយចំនួនបន្ថែម លើអំណោយ របស់អនុសាខាកាកបាទក្រហម ស្រុកខ្សាច់កណ្តាល ជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយខ្យល់ព្យុះរលំផ្ទះផងដែរ ៕

To Top