ភ្នំពេញ ៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (CCAWDU) និងសម្ព័ន្ធសហជីពចលនាកម្មក(CUMW) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការ រកឃើញ របស់សង់ត្រាល់ថា គ្មានភាព ជាតំណាង មិនឆ្លុះបញ្ចាំង ពីស្ថានភាព ពិត នៃវិស័យកាត់ដេរនៅកម្ពុជា និង គ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ ។ ការចេញេសេចក្តីថ្លែងការណ៍ និង ប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់ បានចេញ របាយការណ៍ កាលពីថ្ងៃទី៤ ខែមិថុនាកន្លង ទៅស្តីពីសេរីភាព សហជីពនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (CCAWDU) បានសង្កត់ធ្ងន់ថារបាយការណ៍សង់ត្រាល់ គ្រាន់តែជាផ្នែកមួយនៃព័ត៌មានបន្ថែម ក្នុងការជំរុញឲ្យសេរីភាព សហជីព កាន់តែប្រសើរប៉ុណ្ណោះ ដែលមិនអាចតំណាង ឱ្យស្ថានភាពនៃវិស័យកាត់ដេរ នៅកម្ពុជានោះឡើយព្រោះសហជីព នៅកម្ពុជារួមទាំង CCAWDU និងសហជីពជាង៦០០០ផ្សេងទៀត កំពុងអនុវត្តសកម្មភាពរបស់ខ្លួន ទៅតាមច្បាប់ជាតិ និងអន្តរជាតិជាធម្មតា។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖“សហជីពទូទៅនៅប្រទេសកម្ពុជា អាចអនុវត្តសកម្មភាពរបស់ខ្លួនបានទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាងបានតាមវត្តមានរបស់ស៊ីខៅឌូ និង សកម្មភាពរបស់ខ្លួន ហើយក៏មានសហជីព និងសហព័ន្ធដែលបម្រើផលប្រយោជន៍ជូនកម្មករ និយោជិតកំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ។ ចំពោះបញ្ហា សេរីភាពសហជីពយើងបាន និងកំពុងជួបឧបសគ្គខ្លះៗ ដែលប្រទេសផ្សេងៗក៏ជួបដូចគ្នាដែរ ប៉ុន្តែយើងកំពុងធ្វើការ ជាមួយភាគីពាក់ព័ន្ធផ្សេងៗដូចជារាជរដ្ឋាភិបាល និយោជក ម្ចាស់ម៉ាក និងអង្គការដៃគូពាក់ព័ន្ធ (ILO-BFC) ជាដើម ដើម្បីដោះស្រាយបញ្ហា ដែលកើតមានជាបន្តបន្ទាប់ ។ ចំពោះកិច្ចការទំនាក់ ទំនងវិជ្ជាជីវ: នៅក្នុង ឧស្សាហកម្មកម្ពុជា មានស្ថានភាពល្អ និង អាចគ្រប់គ្រងបាន ដើម្បីលើកកម្ពស់សិទ្ធិនិង ផលប្រយោជន៍កម្មករ និយោជិត ឲ្យប្រសើរឡើង”។

ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មក(CUMW) លោកប៉ាវ ស៊ីណា វិញហៅរបាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដោយធ្វើការ តែជាមួយសហជីពចំនួនពីរ និងធ្វើបទសម្ភាសន៍ ជាមួយរោងចក្រ១០ប៉ុណ្ណោះ ដូចនេះមិនអាចចាត់ ទុកត្រឹមត្រូវឡើយ ។
លោកប៉ាវ ស៊ីណា៖ “ក្នុង របាយការណ៍ ប្រើឈ្មោះ តែ ២ ស្ថាប័នប៉ុណ្ណោះ CATU & CCAWDU ហើយ យកគោលដៅតែ ១៤ រោងចក្រ ក្នុងចំណោម ជាង ៧០០ រោងចក្រ ជាសមាជិក BFC” ។
សម្រាប់ប្រធាន សម្ព័ន្ធសហជីព ចលនាកម្មក របាយការណ៍ដែលមិនឆ្លុះបញ្ចាំងស្ថាន ភាពពិតបែបនេះ មិនត្រឹមតែវាយ ប្រហារ គម្រោងរោងចក្រកាន់តែប្រសើរ(BFC)ប៉ុណ្ណោះទេ ប៉ុន្តែកំពុងតែធ្វើឱ្យមានក្តីព្រួយ បារម្ភដល់អ្នកបញ្ជាទិញ។
ជាមួយគ្នានេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (CCAWDU) ព្រមានអង្គការ សង់ត្រាល់ មិនអាចយករបាយការណ៍ ដែលខ្លួនសហការ ធ្វើជាមួយនេះប្រើប្រាស់ ក្នុងគោលបំណងបំផ្លាញ កេរ្តិ៍ឈ្មោះភាគី ណាមួយឡើយ ៕


