ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជា សហធិបតីជាមួយ លោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រះរាជាណាចក្រអេស្ប៉ាញ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំនិងមានការចូលរួមពី សភាពាណិជ្ជកម្មអេស្ប៉ាញ, សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE), គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។

មានប្រសាសន៍ក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួម និងមានប្រសាសន៍ក្នុងសិក្ខាសាលា ដ៏មានសារៈសំខាន់នាឱកាសនេះ ព្រមទាំងបានជម្រាបជូន អំពីសក្តានុពលកម្ពុជា មានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡា នៃហេដ្ឋារចនា សម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ ការគាំទ្រដល់ភាពរីក ចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។

ជាសុទិដ្ឋិនិយមសម្រាប់កិច្ចសម្រប សម្រួលជូនវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូល រួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

បន្ទាប់ពីនេះ តាមរយៈបទបង្ហាញ និងវគ្គសំណួរចម្លើយ របស់ លោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការ វិនិយោគកម្ពុជា បានរំលេចកាន់តែស៊ីជម្រៅ បន្ថែមទៀតអំពីបរិយាកាស ការគាំទ្ររបស់រាជរដ្ឋាភិបាល និងសក្តានុពលវិនិយោគ លើវិស័យថ្មីៗនៅកម្ពុជា ពិសេសលើ វិស័យយានយន្តនិងអេឡិចត្រូនិក, កសិកម្មនិង កសិ-ឧស្សាហកម្ម, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម៕
