ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១០ មិថុនា បានរៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
កាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោដែលឆ្លងកាត់ខេត្ត៤ ហើយមានតម្លៃប្រមាណជា១៧០០លានដុល្លារ នៅថ្ងៃ៥ សីហា ព្រោះក្រុមការងារបច្ចេកទេសបានត្រៀមសម្ភារៈ សម្រាប់ការសាងសង់រួចរាល់ អស់ហើយ។
បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ប្រជាពលរដ្ឋ នៅតាមតម្រាយនៃគម្រោង បានចូលរួមអបអរទាំងអស់គ្នា ដើម្បីឲ្យព្រែកជីកនេះ លេចចេញជារូបរាងឆាប់ៗផងដែរ ។
សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ត្រូវប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ ដោយរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ៕