ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមទៀតចំណងមិត្តភាព គ្រប់ជ្រុងជ្រោយជាមួយរដ្ឋសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយជាមួយរដ្ឋសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី។

ការប្តេជ្ញានេះ យោងតាមសារលិខិតមួយច្បាប់ របស់សម្តេចឃួន សុដារី នៅថ្ងៃ១១ មិថុនា អបអរសាទរលោក វីយ៉ាឆេស្ទាវ ម៉ូឡូឌីន ប្រធានរដ្ឋសភាឌូម៉ា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាបុណ្យឯករាជ្យជាតិរុស្ស៊ី នៅថ្ងៃ១២ មិថុនា។

ប្រធានរដ្ឋសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ ជាមួយសហព័ន្ធរុស្ស៊ី និងអបអរសាទរសមិទ្ធផល ដែលទទួលបានរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

សម្តេចគូសបញ្ជាក់ថា «យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវចំណង មិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយស្វែងរកនូវកាលានុវត្តភាពថ្មីៗ ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ សូមឯកឧត្តមប្រធានរដ្ឋសភា មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ» ៕

To Top