កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧ រូប អាណត្តិទី ៤ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿនទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំអមដំណើរជាច្រើនអ្នកទៀត។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ក្នុងឱកាសនោះថា ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ទោះបីជា លោក លោកស្រី មានសមាសភាពមក ពីគណបក្ស នយោបាយផ្សេងៗពីគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាខេត្ត គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមទាំងមូល ។ ហេតុនេះ នៅ ក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត សូមស្នើឱ្យខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

លោកអភិបាលខេត្តក៏បានឲ្យដឹងផងដែរថា គណៈអភិបាលខេត្ត បានសហការល្អជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល ៥ឆ្នាំ ដែលសម្រេចបាន នូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេស ការចាត់វិធានការក្នុងការ ទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។

លោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន បាទយកឱកាសនោះថ្លែងកោតសរសើរ ដល់ខេត្តកំពង់ចាម ដែលបានអនុវត្តការងារទទួលបានជោគជ័យជាច្រើន នាពេលកន្លងទៅ ដោយក្រុមប្រឹក្សាខេត្ត បានសហការល្អ បំពេញការងារល្អ ជាមួយគណៈអភិបាលខេត្ត ក្រុង ស្រុក ទាំងអស់ ពោលគឺដំណើរការរួម ដោយពុំមានបញ្ហាអ្វីទាំងអស់ ។ ទន្ទឹមនឹងនេះ ការកត់សម្គាល់របស់រាជរដ្ឋាភិបាល ឃើញថាខេត្តកំពង់ចាម រួមទាំងក្រុមប្រឹក្សា រួមទាំងគណៈអភិបាល ខេត្ត ក្រុង ស្រុក គឺបំពេញការងារ ទទួលបានជោគជ័យ ក្នុងការបម្រើប្រជាពលរដ្ឋ អំពីការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទោះបីបទល្មើស ទោះបីគ្រោះថ្នាក់ចរាចរណ៍ ទោះបីបញ្ហាគ្រឿងញៀន នៅមានបញ្ហា ក៏ប៉ុន្តែដំណើរការរបស់យើងធ្វើបានល្អ និងបានធ្វើឲ្យសភាពការណ៍ទាំងអស់នោះ មានការថយចុះជាលំដាប់ ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ខេត្តកំពង់ចាម បានបំពេញល្អ ចំពោះកិច្ចការបម្រើ សេវាសាធារណៈ ទោះបីមិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែត្រូវបានទទួលស្គាល់ថា ការបម្រើសេវាសាធារណៈឲ្យសង្គមទាំងមូល នៅក្នុងខេត្ត មានការជឿនលឿនជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីថា សេវាសាធារណៈ យើងត្រូវប្រាជ្ញាចិត្តបន្ត ត្រូវកែប្រែឥរិយាបថបន្ត ប៉ុន្តែគុណភាពការងាររបស់យើង ត្រូវបានដំណើរការល្អជាបន្តបន្ទាប់ផងដែរ ៕
