កំពត: នៅលើកំពូលភ្នំបូកគោ ខេត្តកំពត ដែលមានកម្ពស់ ១០៧៥ម៉ែត្រ ក្រុមវិស្វករជំនាញបាន និងកំពុងមមាញ៉ឹក សាងសង់ព្រះពុទ្ធបដិមា ដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ តាមការបញ្ជាក់ពីក្រុមវិស្វករជំនាញ ព្រះពុទ្ធបដិមាលើកំពូលភ្នំបូកគោ គឺមានកម្ពស់ខ្ពស់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។

ក្រោមគំនិតផ្តួចផ្តើម របស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ការសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណ ដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹង ចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សា នូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈ ដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជន ទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌ សាសនាជាតិខ្មែរជារហូតតរៀងទៅ។

ប៉ុន្តែដើម្បីផ្តល់ឱកាសដល់ពុទ្ធ សាសនិកទាំងក្នុង និងក្រៅប្រទេសដែលមានបំណង និងមានសទ្ធាជ្រះថ្លាហើយចង់ភ្ជាប់ និស្ស័យជាមួយការកសាងព្រះពុទ្ធបដិមាដើម្បីទទួលបានមគ្គផលកុសលផលបុណ្យនោះ អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានមូលមតិគ្នាផ្តើមធ្វើបុណ្យមហាផ្កាប្រាក់សាមគ្គី ដែលនឹងត្រូវប្រារព្ធធ្វើទ្បើងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប។ ដូច្នេះពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លា និងចង់ភ្ជាប់និស្ស័យនឹងព្រះពុទ្ធសាសនា សំខាន់ចង់ភ្ជាប់និស្ស័យនឹង ការកសាងព្រះពុទ្ធប្បដិមាដ៏ធំលើកំពូលភ្នំបូកគោនោះ អាចអញ្ជើញចូលរួមក្នុង ពិធីបុណ្យមហាផ្កាប្រាក់ សាមគ្គីខាងលើដោយក្តីសោមនស្សរីករាយ។

ទន្ទឹមនោះ ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ក្រុមហ៊ុនសុខាអូតែលក៏មានរៀបចំស្តង់លក់ទំនិញ អាហារ ភេសជ្ជៈ និង មានកម្មវិធីសម្តែងល្ខោនស្បែកតូច ល្ខោនស្បែកធំ ដែលជាបេតិកភណ្ឌពិភពលោក ដែលសម្តែង ដោយក្រុមសិល្បៈវត្តរាជបូណ៌ ខេត្តសៀមរាបផងដែរ ។ ជាងនេះទៀត ក្រុមហ៊ុនសុខាអូតែល នឹងមានការរៀប ចំតម្លៃពិសេស សម្រាប់បន្ទប់ស្នាក់នៅ ក្នុងសណ្ឋាគារសុខាលំដាប់ផ្កាយ ៥ ដើម្បីផ្តល់ឱកាសដល់ពុទ្ធបរិស័ទ ដែលចូលរួមក្នុងពិធីបុណ្យ មហាផ្កាប្រាក់សាមគ្គី រួមទាំងភ្ញៀវទេសចរ បានស្នាក់នៅផងដែរ ។
ផ្តើមពីនោះ ក៏សូមអំពាវនាវដល់ពុទ្ធបរិស៍ទ ភ្ញៀវទេសចរទាំងអស់អញ្ជើញ ទៅទស្សនាអង្គរវត្តខេត្តសៀមរាប និងចូលរួមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីទទួលយកនូវផលានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕
