ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយស សមាគមសង្គហមិត្ត លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃ១១ មិថុនា បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូង បស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ។

កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ដែលជាសមាជិក សមាជិកា ទ្រទ្រង់សមាគម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជា សមាជិក សមាជិកា នៃសមាគមសង្គហមិត្ត ព្រមទាំងមានការចូលរួម ពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត តាមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។

នេះជាលើកទី១ហើយ ដែលក្រសួងអភិវឌ្ឍន៍ជនបទ ចាត់តាំងបង្កើតសមាគមសង្គហមិត្តមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះបើតាមរបាយការណ៍ការសង្ខេរបស់ ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត ន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

ក្នុងឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីស្រលាញ់ នឹករលឹក និងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលជាសមាជិក សមាជិកា នៃសមាគម អញ្ជើញចូលរួមក្នុងអង្គពិធីទាំងមូល ។

លោក ឆាយ ឫទ្ធិសែន បានលើកឡើងអំពីយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដោតលើវិស័យអាទិភាពគន្លឹះចំនួន៥រួមមាន ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយការបង្កើតសមាគមសង្គហមិត្តនេះឡើង គឺបង្ហាញពីការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ របស់មន្ត្រីរាជការគ្រប់រូប ក្នុងក្របខ័ណ្ឌ “មិត្តជួយមិត្ត ដើម្បីសាមគ្គីភាព និងសេចក្ដីស្រលាញ់” បន្ថែមពីលើគោលនយោបាយគាំពារនានារបស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ “មិនត្រូវទុកឱ្យមន្ត្រីរាជការណាម្នាក់ មានទុក្ខលំបាក ដោយមិនបានជួយដោះស្រាយនោះឡើយ”។
លោក ឆាយ ឫទ្ធិសែន បន្ដថា ការបង្កើតសមាគមនេះ ក្នុងគោលបំណងដើម្បី “ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការជួយគ្នា ទៅវិញទៅមកជា សម្ភារៈ ថវិកា និងស្មារតីដល់សមាជិកគ្រប់រូប ដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា អតីតមន្ត្រីរាជការចូលនិវត្តន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ”។

ឆ្លៀតក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ចូលរួមគិតគូរ ជួយឧបត្ថម្ភគាំទ្រ ដោយទឹកចិត្តសប្បុរសធម៌ និងទៅតាមលក្ខខណ្ឌដែលបានកំណត់ ក្នុងលក្ខន្តិកៈសមាគមដើម្បីធ្វើយ៉ាងណាឲ្យសមាគមនេះទទួលបានលទ្ធផលល្អប្រសើរ និងជាក្តីសង្ឃឹមរបស់មន្ត្រីរាជការ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ ប្ធានអង្គភាពក្រោមឱវាទ ក្រសួងទាំងនៅថ្នាក់ក្រសួង និងមន្ទីររាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្ត ឲ្យមន្ត្រីរាជការក្នុងអង្គភាព និងលើកទឹកចិត្តមន្ត្រីរាជការ ដែលមិនទាន់បានចូលជាសមាជិក សមាគមចូលរួមបានទាំងអស់គ្នា ដែលបង្ហាញពីការ ជួយគ្នាទៅវិញទៅមក គឺជាកម្រង អនុស្សាវរីយ៍ នៃសេចក្តីស្រឡាញ់ មិត្តភាព សាមគ្គីភាព និងគំរូសង្គមដ៏ល្អ ដែលនឹងចារ ជាប្រវត្តិសាស្ត្រនៅក្នុងជីវិតការងារ របស់យើងម្នាក់ៗ ក៏ដូចជាប្រវត្តិសាស្ត្រនៅក្នុងសង្គមខ្មែរ៕

