ព័ត៌មានជាតិ

ក្រមប្រតិបត្តិ សម្រាប់ការធ្វើទីផ្សារ និង ការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ លើផលិតផលគ្រឿងស្រវឹង ត្រូវបានសម្ពោធ ដាក់ប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហា ដែលបង្កឡើងដោយគ្រឿងស្រវឹង,ការប្រើប្រាស់គ្រឿងស្រវឹង នាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម ។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានថ្លែងឱ្យដឹង នៅក្នុង ពិធីចុះហត្ថលេខាលើ “ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និង ការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ លើផលិតផលគ្រឿង ស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា “ ក្រោមកិច្ចសហការរួមគ្នា រវាង ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុន CAMBREW សមាគម WSBIDA សមាគម APISWA, ។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ ថា ការចុះហត្ថលេខានាឱកាសនេះ គឺជាការបង្កើតបាននូវកាលានុវត្តភាពថ្មីមួយ ក្នុងបរិបទការរីកលូតលាស់ យ៉ាងឆាប់រហ័សសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែកការរីកចម្រើននៃឧស្សាហកម្មគ្រឿងស្រវឹង និងកិច្ចប្រតិបត្តិការផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវដើម្បីតម្កល់ផលប្រយោជន៍រួម និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។
បទប្បញ្ញត្តិនៃក្រមប្រត្តិបត្តិនេះ ថ្មីត្បិតតែមិនមានលក្ខណៈចាប់បង្ខំ និងចងកាតព្វកិច្ចផ្លូវច្បាប់ ប៉ុន្តែជាបទប្បញ្ញត្តិខាងផ្នែកសីលធម៌ ដែលមានដាក់ចេញនូវគោលការណ៍អនុវត្តល្អបំផុតមួយ សម្រាប់ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភាគីពាក់ព័ន្ធ ទាំងអស់អាចយក ទៅអនុវត្តនៅក្នុងកិច្ចការធុរកិច្ចរបស់ខ្លួន ប្រកបដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះសង្គម ដូចជាគោលការណ៍ ៖ លើកកម្ពស់ការទទួលទានគ្រឿងស្រវឹងប្រ កបដោយការទទួលខុសត្រូវ ការទិញផលិតផលគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ មិនត្រូវផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ដោយការជំរុញ ឬញុះញង់ឱ្យទទួលគ្រឿងស្រវឹងច្រើនលើសលប់ ឬការប្រើប្រាស់គ្រឿងស្រវឹង មិនសមស្របណាមួយ ដែលអាចបង្កហានិភ័យដល់សង្គម។
បើតាមលោករដ្ឋមន្រ្តី ក្រមប្រតិបត្តិនេះ ស្របនឹងបរិបទនៃការចូលរួម និងកិច្ចខិតខំប្រឹងប្រែង របស់ស្ថាប័នអន្តរជាតិ រួមមាន សម្ព័ន្ធអន្តរជាតិ ដើម្បីការទទួលគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ដែលស្របជាមួយគោលនយោបាយ របស់រាជរដ្ឋាភិបាល បានដាក់ចេញនាពេលកន្លងមក ដើម្បីលើកកម្ពស់ការការពារ អនីតិជន សេចក្តីថ្លៃថ្នូររបស់ស្ត្រី សិទ្ធិបុគ្គលឯកជន វប្បធម៌ សីលធម៌ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងការបង្កើន ប្រសិទ្ធភាព នៃការពង្រឹងការធ្វើធុរកិច្ចរបស់ឧស្សាហកម្មគ្រឿង ស្រវឹងក្នុងស្រុក ជំរុញ និងគាំទ្រដល់ការប្រកួតប្រជែងដោយ ស្មើភាពក្នុងវិស័យឧស្សាហកម្ម គ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា ។

លោក បន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្ម កុំឱ្យជ្រុលហួសហេតុ និងថ្លឹងថ្លែងអំពីការធានានិរន្តរភាព នៃដំណើរការលូតលាស់សេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាពលរដ្ឋ និងធានាចំណូលសម្រាប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយបុរាណ ដែលកំពុងប្រឈមទៅនឹង ស្ថានភាពបិទទ្វារជាបណ្តើរៗ ដោយសារការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ ទំនើប និងវិបត្តិសេដ្ឋកិច្ចដែល ពិភពលោកកំពុងជួបប្រទះ” ។

លោករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនផលិតគ្រឿងស្រវឹង ក្រុមហ៊ុននាំចូល ចែកចាយ និងក្រុមហ៊ុនផ្សព្វផ្សាយគ្រឿងស្រវឹង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ សម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការ ទទួលខុសត្រូវលើផលិតផលគ្រឿង ស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានាដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាល សំដៅធានាបានផលប្រយោជន៍រួម ការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារ ជូនប្រជាពលរដ្ឋកម្ពុជា និងធានាប្រព័ន្ធផ្សព្វផ្សាយឱ្យមានដំណើរការល្អ ដែលជាកម្លាំងចលករជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានការរី កចម្រើនថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកសាង ប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ។
ក្រមប្រតិបត្តិនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងបង្កើតជា ស្តង់ដារួមមួយសម្រាប់អនុវត្ត។ ក្រមប្រតិបត្តិនេះ មិនមានលក្ខណៈចាប់បង្ខំ និងចងកាតព្វកិច្ចផ្លូវច្បាប់ តែជាគោលការណ៍អនុវត្តល្អបំផុតមួយសម្រាប់ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភាគីពាក់ព័ន្ធទាំង អស់ អាចយក ទៅអនុវត្តក្នុងធុរកិច្ច។ ជាជំហានបន្ទាប់ ក្រុមហ៊ុនដែលជាហត្ថលេខីនៃក្រមប្រតិបត្តិនេះ លើកទឹកចិត្តដល់ក្រុម ហ៊ុនទាំងអស់ ក្នុងវិស័យឧស្សាហកម្មគ្រឿង ស្រវឹង និងគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាជំរុញ និងលើកកម្ពស់ការ ទទួលទានគ្រឿងស្រវឹងប្រកបដោយការ ទទួលខុសត្រូវ និងរួមគ្នាដោះស្រាយ ការផ្តល់រង្វាន់ជ្រុលហួសហេតុ ដែល អាចនាំឱ្យមានការ ទទួលទាន ឬទិញផលិតផលគ្រឿងស្រវឹង ដោយគ្មានការទទួលខុសត្រូវ ៕

To Top