កំពង់ចាម ៖ បន្ទាប់ពីការប្រកាស ចូលកាន់តំណែង របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាមរួច នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាស្រុកកំពង់សៀម អាណត្តិទី៤ ក៍ត្រូវបានប្រកាស ចូលកាន់តំណែងផងដែរ ដែលពិធីនេះធ្វើឡើង នៅសលាស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
លោក ខ្លូត ផន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបាន កំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្តោតលើការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាល សាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ប្រទេសកម្ពុជា យើងបានរៀបចំ ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោត សកល និង អសកល យ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន ២០ដង រួចមកហើយ ដែលប្រការនេះ បានបង្ហាញយ៉ាងច្បាស់ អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ ព្រមទាំងបង្ហាញពី ភាពចាស់ទុំខាងផ្នែកនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់ របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្ស នយោបាយទាំងអស់ផងដែរ ដែលធានាបាននូវស្ថិរភាព នយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការ រីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជាពីប្រទេសមាន ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នាឆ្នាំ ២០៥០ ៕