ស្វីស៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ ជាមួយលោក Gilbert F. Houngbo អគ្គនាយកអង្គការ អន្តរជាតិខាងការងារ (ILO) កាលពីថ្ងៃម្សិលមិញម៉ោង៥ល្ងាច ម៉ោងនៅប្រទេសស្វីស ។ ជាជំនួបដែលលោករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់អង្គការអន្តរជាតិ ខាងការងារ(ILO) ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍសង្គមជាតិ ដើម្បីបន្តផ្តល់ការងារសមរម្យ ជាមួយនឹងរបបសន្តិសុខសង្គម និងជំនាញជាក់លាក់ច្បាស់លាស់ ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាបន្ថែមទៀត ដើម្បីឱ្យបរិយាកាសការងារ ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា កាន់តែប្រសើរឡើងជាលំដាប់។
ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ នៃភាពរីកចម្រើនជាលំដាប់របស់កម្ពុជា ក្នុងរយៈពេល១៥ឆ្នាំមកនេះ ដែលប្រទេសកម្ពុជា សម្រេចបានដើម្បីវឌ្ឍនភាព និងវិបុលភាពក្នុងវិស័យវាយនភណ្ឌ និងសង្គមទាំងមូលដែលកំពុង ទទួលបានផលភាគចេញពីការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ដែលមិនអាចខ្វះបាន នៃវត្តមានរបស់អង្គការ អន្តរជាតិខាងការងារ (ILO) ក្នុងការបន្តជួយ ជ្រោមជ្រែងកម្ពុជា បន្ថែមទៀត ក្នុងនាមជាដៃគូសន្ទនា ដើម្បីជំរុញយន្តការ សន្ទនាសង្គម ភាពសុខដុមនីយកម្មនៅកន្លែងការងារ ក៏ដូចជាការពង្រឹង ផលិតភាពក្នុង សង្វាក់ផលិតកម្ម របស់កម្ពុជាផងដែរ ៕