ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងថ្មីប្រចាំកម្ពុជា បានលើកឡើងពីទំនាក់ទំនងនិងមិត្តភាពដ៏ល្អនៃប្រទេសទំាងពីរ ដែលឈរលើគោលការណ៍គោរពគ្នាឲ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល។
ការលើកឡើងបែបនេះ ធ្វើឡើងនាឱកាសសម្តេច ឃួន សុដារី អនុញ្ញាតឲ្យលោកស្រី Milena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១២ មិថុនា ។
សម្តេចថា រដ្ឋសភាបើកទ្វារចំហស្វាគមន៍ជានិច្ចជាមួយស្ថានទូតគុយបា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្ត នៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំនិងសកម្មភាពឡើង ដើម្បីបម្រើដល់ផលប្រយោជន៍ទាំងសងខាង។
ប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលជានិច្ចកាលតែងតំាងស្រ្តីជាឯកអគ្គរដ្ឋទូតក្នុងការមកបំពេញបេសកកម្មនៅកម្ពុជា ស្របតាមចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការតស៊ូរបស់ស្រ្តីគុយបានៅក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងអំពីគុណតម្លៃសំខាន់ៗជាច្រើន នៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ថាមានសារៈប្រយោជន៍ខ្លំាងណាស់ ក្នុងបរិបទស្ថានការណ៍ពិភពលោក ប្រែប្រួលឆាប់រហ័ស និងមានហានិភ័យខ្ពស់ដូចសព្វថ្ងៃនេះ ។ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ មិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា-គុយបាប៉ុណ្ណោះទេ តែបានរួមចំណែកធានា ដល់ការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ពិភពលោក និងការលើកកម្ពស់យន្តការពហុភាគីនិយម។
ចំណែកលោកស្រី Milena Caridad Zaldivar Piedra លើកឡើងផងដែរ ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្ន ដោយមានការហ៊ុមព័ទ្ធ ទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចោទ ប្រកាន់យ៉ាងអយុត្តិធម៌មកលើគុយបា។ លោកស្រី បានសង្កត់ធ្ងន់ថា អ្វីដែលគុយបាប្រាថ្នាចង់បាន គឺសាមគ្គីភាព និងការធ្វើការរួមគ្នា ។
លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការបន្តពូនជ្រំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ ជាពិសេសការសម្រេចបានជោគជ័យ នូវរាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ បានឯកភាពគ្នានាពេលកន្លងមក៕