ភ្នំពេញ ៖ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការវប្បធម៌ នៃប្រទេសអូស្ត្រាលី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ហើយក្រសួងមហាផ្ទៃកម្ពុជា បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មបំផុត។

នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បើកកិច្ចប្រជុំទ្វេភាគីជាមួយលោក Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី ដោយកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅវិមានសភាអូស្ត្រាលី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានគូសបញ្ជាក់ថា ទស្សនកិច្ចនេះ នឹងផ្តល់បទពិសោធបន្ថែម ដល់ប្រទេសកម្ពុជា លើការងារអន្តោប្រវេសន៍ កិច្ចការទប់ស្កាត់ បង្ក្រាបបទល្មើស បច្ចេកវិទ្យា បទល្មើសជួញដូរមនុស្ស កិច្ចការសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរចំពោះលទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជំនួបជាមួយ នាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីខែមីនា កន្លងទៅ និងបានថ្លែងអំណរគុណភាគី អូស្រ្តាលី ផ្ដល់ជំនួយថវិកា សម្ភារៈ និងបច្ចេកទេស ដល់ក្រសួងមហាផ្ទៃកម្ពុជា លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងសន្តិសុខព្រំដែន កំណែទម្រង់រដ្ឋបាល សាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្រ្តីអនុវត្តច្បាប់ ដើម្បីសម្រេចបានប្រសិទ្ធភាព ការងារកាន់តែខ្ពស់បន្ថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកជូនភាគីអូស្ត្រាលី ដែរនូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធ នឹងកិច្ចការអន្តោប្រវេសន៍នៅកម្ពុជា រួមទាំងការងារកំណែច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឆ្លើយតបបរិបទថ្មីនៅកម្ពុជា និងក៏ដើម្បីផ្ដល់ភាពងាយស្រួលកំណត់បែបបទ និងលក្ខណ្ឌច្បាស់លាស់លើការងារអន្តោប្រសន៍ខណៈភាគីអូស្ត្រាលី មានបទពិសោធស៊ីជម្រៅជាងកម្ពុជាលើការងារនេះ។

ចំពោះការងារប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានបង្ហាញឆន្ទៈ និងគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ដែលមកដល់ពេលនេះ ក្រសួងមហាផ្ទៃ ក្នុងនាមជាជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានស្នើសុំភាគីអូស្រ្តាលី បន្តផ្តល់បទពិសោធតាមរយ:ការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់របស់កម្ពុជា ដោយមន្ត្រី និងអ្នកជំនាញអូស្ត្រាលី ។ ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីកិច្ចសហការ ជាមួយភាគីអូស្ត្រាលី លើការងារមាតុភូមនិវត្តន៍ ពលរដ្ឋខ្មែរ ដែលពុំមានមូលដ្ឋានផ្លូវច្បាប់ ស្នាក់នៅប្រទេសអូស្រ្តាលីផងដែរ ។

ជាការឆ្លើយតប លោក Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ បាន ទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងយល់ស្របលើការងារប្រយុទ្ធប្រឆាំងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសនានា រួមទាំងបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ។ លោក ក៏បានបញ្ជាក់ពីការទទួលយកសំណូមពរពីភាគីកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញ ប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា ព្រមទាំងពិនិត្យលទ្ធភាពជំរុញ កិច្ចសហប្រតិបត្តិការលើការងារស្ថិតក្នុងវិស័យក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត ។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិងកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤៕
