ភ្នំពេញ៖ លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ សម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យ នៅលើបញ្ហាសង្គ្រាម នៅអ៊ុយក្រែន និងកោតសរសើរសម្ដេច ក្នុងការប្រឹងប្រែងរកសុខសន្តិភាព នៅមីយ៉ាន់ម៉ាផងដែរ។
ការកោតសរសើរនេះ ធ្វើឡើង នៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតលោក ឯកអគ្គរដ្ឋ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ សម្ដេចតេជោ និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានពិភាក្សាអំពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ក្នុងនាមលោក ជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ា ដែរនោះ លោកបានបញ្ជាក់ពីការសារៈសំខាន់ នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពបញ្ជ្ចញមតិ សម្រាប់សហភាពអឺរ៉ុប និងពីការស្វែងរកដំណោះស្រាយដើម្បីនាំមីយ៉ាន់ម៉ា ទៅរកប្រក្រតីភាពឡើងវិញ។
ចំពោះបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍ កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម។ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាព ទាល់ច្រកនៅមីយ៉ាន់ម៉ា។
សម្ដេចតេជោ បានប្តេជ្ញាចិត្តមិនបោះបង់ ក្នុងការជួយដល់មីយ៉ាន់ម៉ា ក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ។ ចំណែកឯលើបញ្ហាសង្គ្រាមរុស្សីនិងអ៊ុយក្រែន សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា។
សម្ដេចក៏កំពុងតាមដាន មើលលទ្ធផលនៃកិច្ចប្រជុំកំពូល ស្ដីពីសន្តិភាពអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ ក្រៅពីអ៊ុយក្រែន ចូលរួមជាពិសេសរុស្ស៊ី ។
សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានពិភាក្សាគ្នា អំពីសភាពការណ៍ជុំវិញការបោះឆ្នោត សភាអឺរ៉ុបដែលបានប្រព្រឹត្តទៅនាពេលកន្លងទៅនេះ និង ផលវិបាកនៃការបោះឆ្នោតនេះនៅក្នុងប្រទេសអឺរ៉ុបមួយចំនួនផងដែរ។ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នា និងបន្តការពិភាក្សាគ្នាតទៅទៀត តាមពេលវេលាសមស្របណាមួយ នៅពេលខាងមុខ៕