ស្វីស៖ថ្លែងក្នុងសុន្ទរកថានាសម័យប្រជុំលើកទី១១២នៃសន្និសីទអន្តរជាតិខាងការងារនៅទីក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រឈមនឹងបម្រែបម្រួល និងការផ្លាស់ប្តូរលើការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យាទំនើប និងវឌ្ឍនាការថ្មីៗ តម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងស្តីពីដំណើរឆ្ពោះទៅកាន់ការរួមគ្នាធ្វើឲ្យកិច្ចសន្យាសង្គមដើម្បីពង្រឹងយុត្តិធម៌សង្គម ការលុបបំបាត់ភាពក្រីក្រក្នុងគោលបំណងធានាបាននូវផលិតភាពការងារខ្ពស់ រួមទាំងការលើកកម្ពស់ការយល់ដឹងស្តីពីទំនួលខុសត្រូវសង្គម។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈ ពេល៥ឆ្នាំ(២០២៤-២០២៨)របស់ខ្លួនដើម្បីពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារដែលមានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារ រួមទាំងការបង្កើនការគ្របដណ្តប់សន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកបេឡាសន្តិសុខសង្គម។ បន្ថែមពីនេះ ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ ក៏នឹងធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពនៃការប្រមូលផ្តុំ សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ។
មួយវិញទៀត ការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយក៏សុទ្ធសឹងតែជាអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីលើកកម្ពស់ទំនួលខុសត្រូវសង្គម។ លើសពីនេះ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១.៥លាននាក់ជាមួយនឹងប្រាក់ឧបត្ថម និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សាដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានគិតគូ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល។
យ៉ាងណាក៏ដោយមុននឹងបញ្ចប់សុន្ទរកថា លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូសន្ទនាសង្គម និងអង្គការអន្តរជាតិខាងការងារ(ILO)ដើម្បីពង្រឹងយន្តការត្រីភាគី កិច្ចសន្ទនាសង្គម ដើម្បីធានាបាននូវការរួមគ្នាធ្វើឲ្យកិច្ចសន្យាសង្គមកាន់តែប្រសើរឡើង៕