ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យនោះទេ បើមិនខិតខំប្រឹងសិក្សារៀន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា កូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យនោះទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង ។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្ដេចធិបតី​បានលើកឡើងថា កូនអ្នកមានជីវភាពខ្វះខាត ឬកូនកសិករ បើមានការ ខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធាន មនុស្សដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិដែរ។

សម្ដេចធិបតីមានប្រសាសន៍ថា «អ្នកខ្លះកើតនៅគ្រួសារក្រីក្រនៅខេត្តឆ្ងាយ អ្នកខ្លះកើតមកជាកូនអ្នកធូរធានៅក្រុង ប៉ុន្ដែមានឱកាសរៀនសូត្រ គឺអាចឲ្យបិទគម្លាត ភាពជោគជ័យរបស់ឪពុក-ម្ដាយ មិនធានាជោគជ័យរបស់កូនទេ មិនមែនកើតមកយើងនៅក្នុងគ្រួសារក្រីក្រ បើគ្មានឱកាសអាហ្នឹងអាចលំបាក ប៉ុន្ដែបើមានឱកាសរៀនសូត្រដូចគ្នា គាត់អាចមានសមត្ថភាពមកសិក្សាបាន តស៊ូបាន រៀនសូត្រ បានអាហារូបករណ៍ ហើយកូនអ្នកមានជីវភាពធូរធា មិនប្រាកដថាជោគជ័យទេ បើមិនខំប្រឹង (ប្រឹងរៀន)»។

សម្ដេចធិបតីបន្ដថា នៅតាមបណ្ដាញសង្គម អ្នកមានប្រវត្តិលំបាក ឬកូនកំព្រា ឥឡូវមានសមត្ថភាពដឹកនាំអ្វីមួយ ខណៈអ្នកដែលធ្លាប់ជាកូនចៅអ្នកធូរធាក៏ធ្លាក់ខ្លួនដែរ រឿងនេះ មិនថា នៅកម្ពុជា ឬប្រទេសក្រៅនោះទេ។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំ ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើសុខភាព និងការអប់រំ ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រឹមតែជាអ្នកដាក់ចេញ គោលនយោបាយ គោលការណ៍ និង ការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឲ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថាន ឧត្តមសិក្សា ដោយផ្ទាល់តែម្ដង៕

To Top