ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ-ឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឲ្យស្រប នឹងតម្រូវការទីផ្សារការងារ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឲ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និងបន្តអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្តេចធិបតី បានណែនាំដល់និស្សិតជ័យលាភី របស់សាកលវិទ្យាលីមកុកវីងទាំងអស់ បន្តសិក្សាជំនាញឯកទេស បន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ ខ្លួនឲ្យកាន់តែខ្ពស់ តាមដែលអាចធ្វើទៅបាន និងត្រូវអភិវឌ្ឍខ្លួនឲ្យក្លាយ ជាយុវជនឌីជីថល និងយុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពី បរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាងម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និង នវានុវត្តន៍។

សម្តេចធិបតី ក៏លើកទឹកចិត្តសាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍន៍សមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើក កម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តជាក់ស្តែង ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរត្រូវបានចែករំលែកឲ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

សម្តេចធិបតីមានប្រសាសន៍ថា «ខ្ញុំ សូមលើកទឹកចិត្តឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឲ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និង បន្តអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាព នៃការបណ្តុះបណ្តាល ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម, ការប្រកួតប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក»។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានអប់រំ និង គ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង, បទពិសោធជាក់ស្ដែង និងឧត្តមានុវត្តសំដៅបង្កើនគុណភាព ការអប់រំ, ការបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវឲ្យកាន់តែប្រសើរ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំក្រសួងអប់រំ ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធសហការ បន្តលើកស្ទួយវិស័យអប់រំ និង ការបណ្តុះបណ្តាលឲ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធាន យុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព៕

To Top