ភ្នំពេញ ៖ ដោយមានទិសដៅច្បាស់លាស់ ត្រឹមត្រូវនៅឆ្នាំ២០៥០ កម្ពុជា នឹងដកខ្លួនចេញពីប្រទេសក្រីក្រ ក្លាយជាប្រទេសអ្នកមាន ហើយអាចប្រកួតប្រជែង ជាមួយប្រទេសផ្សេងៗបាន។ នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
សម្តេចធិបតី បានលើកឡើងក្នុងពិធីអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ លីមកុងវីង” នាព្រឹកថ្ងៃ១៣ មិថុនា ថា « អត់ទេ យើងមិនត្រូវការរស់ ដោយសារការគេពិន័យនោះទេ យើងត្រូវការរស់ដោយខ្លួនឯង ទើបមានចីរភាព និងខ្លាំង ។ បើយើងរស់ដោយសារគេអនុគ្រោះ ត្រឹមតែកម្ចីប្រាក់ថោក ឬអ្វីៗនោះ យើងមិនអភិវឌ្ឍន៍ ខ្លួនយើង នៅតែពឹងគេមួយជីវិត តែបើយើងពង្រឹងខ្លួន និងដាក់ទិសដៅដើម្បីក្លាយជាប្រទេសអ្នកមាន ឆ្នាំ២០៥០ កម្ពុជាមិនត្រឹតែចាកចេញពីប្រទេសដែលក្រក្រី ប្រទេសដែលអភិវឌ្ឍន៍នោះទេ ប៉ុន្តែក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ហើយហ៊ានប្រកួត ជាមួយប្រទេសគេបាន»។
សម្តេចធិបតីលើកឡើងទៀតថា ដាក់ទិសដៅច្បាស់លាស់ ដើម្បីធានានូវឯកភាពខ្លួនឯង ។ ពាក្យថាចង់ឯករាជ្យគឺត្រូវតែធ្វើ ត្រូវតែប្រឹងខ្លួនឯង ងើបខ្លួនឯង មិនត្រូវពឹងប្រទេសណាមួយទេ ដើម្បីប្រកួតស្មើភាពជាមួយគ្រប់ប្រទេសទាំងអស់។
សម្តេចធិបតីគូសបញ្ជាក់ថា «គេសួរថា ហេតុអ្វីបានចាំបាច់យើងចេញ បើនៅហ្នឹងស្រួល ? អត់ទេ គឺត្រូវតែចេញមក ដើម្បីខ្លួនឯង ពង្រឹងខ្លួនឯង ពឹងគេរហូត មិនកើតទេ យើងពឹងគេនៅពេលទន់ខ្សោយ តែយើងពឹងក្នុងទិសដៅ ដែលយើងត្រូវយកមកពង្រឹងខ្លួន ក្នុងរយៈពេលវែង» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ដល់ពេលនេះ មានប្រទេសនៅតែខ្លះពឹងគេ ដែលខុសពីកម្ពុជាបានពឹងគេ កាលពីទស្សវត្ស៨០ ប៉ុន្តែឥឡូវមកពឹងខ្លួនឯងវិញ ដែលជាចំណុចមួយជាម្ចាស់ការខ្លួនឯងវិញ៕