កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាទមានប្រសាសន៍ណែនាំឲ្យសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដែលទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយតម្លាភាព គណនេយ្យភាព សមធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់តំណែង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅសលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានយកឱកាសនោះ ថ្លែងចូលរួមអបអរសាទរកោតសរសើរ និងវាយតម្លខ្ពស់ ចំពោះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកស្ទឹង់ត្រង់ អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុកស្ទឹងត្រង់សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
លោកអភិបាលខេត្តមានប្រសាសន៍បន្តថា បើទោះបីជាក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំប្រឹងប្រែង បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ឲ្យស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖
ទី១ ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន ។
ទី២ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារធនធានសមស្រប ដែលបានផ្ទេរឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានា តាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។
ទី៣ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕