ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រកាសទទួលស្គាល់ខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ពិធីនេះត្រូវបានរៀបចំឡើក្នុងបរិវេណទីលាន៧មករា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង, លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាលខេត្ត, តំណាងដៃគូអភិវឌ្ឍន៍, អង្គការក្នុងស្រុក ក្រៅស្រុក, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធ, មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។

អង្គពិធីបានដំណើរការដោយមានការដង្ហែរពានជ័យលាភីយ៉ាងឱឡារិក ពីសំណាក់កងកម្លាំងទាំងពីរប្រភេទ មន្ត្រីរាជការ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងពិធីការរូតខ្សែបូប្រកាសទទួលស្គាល់ខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ផងដែ។

បន្ទាប់ពីកម្មវិធីដង្ហែពានជ័យលាភីរួចមក លោកតំណាងអង្គការ​ Plan អន្ដរជាតិកម្ពុជាបានធ្វើរបាយការណ៍ជូនអង្គពិធី ស្តីពីដំណើរការអនុវត្តកម្មវិធីនាពេលកន្លងមករហូតសម្រេចបានគោលដៅដូចនាពេលនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ។ ក្រោយពីស្តាប់របាយការណ៍របស់លោកតំណាងអង្គការ PLAN អន្តរជាតិរួចមក លោក គួច ចំរើន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលជួយជំរុញការអប់រំអនាម័យ​ រហូតខេត្តព្រះសីហនុអាចសម្រេចបានជ័យលាភីជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ នេះក៏ជាកិត្យានុភាពរបស់ខេត្តក្នុងការលើកកម្ពស់ការសង្ឃឹមរស់ (life expectancy)របស់ប្រជាពលរដ្ឋក្នុងខេត្ត ឲ្យមានអាយុវែងថែមទៀត។ 

បន្ទាប់ពីមតិស្វាគមន៍របស់អភិបាលខេត្តរួចមក លោក ឆាយ ឫទ្ធិសែន បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តព្រះសីហនុ សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឲ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។

ឆ្លៀតក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ត ជូនចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។

លោក ឆាយ ឫទ្ធិសែន ក៏បានលើកឡើងអំពីយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដោតលើវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ដ្រីបន្ដថា ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យដ៏ប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗទាំង៤ ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ , ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ហើយអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជន កាន់តែខ្ពស់ដែលជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប , ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ចដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា ក្នុងគោលបំណង  “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

កម្មវិធីបញ្ចប់ជាការប្រគល់ពានជ័យលាភី ជូនដល់ខេត្ត និងការប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរ ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ ដែលទទួលជ័យលាភី។

គួរជម្រាបថា ខេត្តព្រះសីហនុជាខេត្តទី៧ហើយដែលសម្រចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយកន្លងមកមានខេត្តចំនួន៦ រួមមាន ៖ ស្វាយរៀង​ ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងរាជធានីភ្នំពេញ៕

To Top