ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យគុណភាពផ្លូវជនបទចំនួន២ខ្សែ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។

ខ្សែផ្លូវទាំង២ ខ្សែនោះរួមមាន៖
ខ្សែទី១៖ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៤,៥០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិគគីរ ទៅដល់ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០២២-២០២៣ ដោយប្រើប្រាស់កម្មវិធីរបស់រាជរដ្ឋាភិបាល។
ខ្សែទី២៖ ជាផ្លូវបេតុង មានប្រវែង ៧,៣០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភា្ជប់ពីភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ទៅដល់ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០១៧។

លោករដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ ក៏បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជនជាតិដើមភាគតិចស្អូច ដែលរស់នៅក្នុងភូមិសំរុងលើ និងបានអញ្ជើញចុះពិនិត្យស្ថានភាពភូមិសំរុងក្រោម ដែលគ្រោងដាក់ជាភូមិគំរូនាពេលខាងមុខ។

ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យក្នុងភូមិទាំងពីរខាងលើនេះ លោករដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ នៃភូមិទាំងពីរផងដែរ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា បច្ចុប្បន្នដោយកត្ដាសុខសន្ដិភាពពេញលេញ ទើបបង្កឱកាសឲ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចប្រកបរបរចិញ្ចឹមជីវិ តបានយ៉ាងសម្បូរសប្បាយ ព្រមទាំងអាចមើលឃើញនូវ សមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ គួរជាទីមោទក៕










