ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ចំនួន២០នាក់ ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុរួចមក រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ដ្រីរាជការគ្រប់រូប ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានគួរជាទីមោទក ជាពិសេសបានអបអរសាទរ ចំពោះខេត្តព្រះសីហនុ សម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ នេះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែក របស់មន្ទីរក្នុងការសម្រេចបាន នូវសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាព ។
ឆ្លៀតក្នុងឱកាសនោះលោក ឆាយ ឫទ្ធិសែន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យ សព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។
លោករដ្ឋមន្ដ្រី បានលើកឡើង អំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវា ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ៣ចំណុច ៖
១/ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបានចក្ខុវិស័យកម្ពុជា ធ្វើឲ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ។
២/ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ របៀបរបបធ្វើការ ការរៀបចំសណ្ដាប់ធ្នាប់ មានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មានកិច្ចសហការគ្នាល្អ មិនប្រកាន់បក្ខពួក មានការលើកទឹកចិត្ត ប្រកបដោយតម្លាភាព និងសមភាព ។
៣/ មន្ទីរត្រូវខិតខំអនុវត្ត ជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឲ្យសម្រេចបានជោគជ័យ ៕