ព័ត៌មានជាតិ

លោក ហេង សួរ៖ ក្រសួងការងារ ពង្រីកវេនសិក្សាចំនួន៧វេន ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សចូលរៀនជំនាញ

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើន ក្រសួងការងារបានផ្តួចផ្តើមពង្រីកវេនសិក្សា ឱ្យកាន់តែមានលក្ខណៈបត់បែន មានច្រើនជម្រើស ពីថ្ងៃចន្ទ ដល់សុក្រ និងថ្ងៃសៅរ៍​អាទិត្យ សរុប៧វេនផ្សេងៗគ្នា។

នេះបើតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ក្នុងពិធិបើកទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ក្រោមប្រធានបទ« TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

លោកបានឱ្យដឹងថា ការផ្តួចផ្តើមពង្រីកវេនសិក្សាចំនួន៧វេននេះ នឹងផ្តល់ភាពងាយស្រួលដល់ ដល់សិស្ស និងកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាក្នុងប្រព័ន្ធ មានពេលវេលា និងឱកាសបានចូលរៀន ហើយនៅតែអាចបន្តការងាររកប្រាក់ចំណូលប្រចាំថ្ងៃបានដដែល។

វេនសិក្សាទាំង៧នោះរួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន៥វេន ដែលក្នុងនោះវេនពេញ១ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក១ពេល ពេលរសៀល១ពេល ឬវេនពេលល្ងាច ដែលក្នុងនោះ អាចបែងចែកជា៣ម៉ោងពេលល្ងាច ឬ២ម៉ោងពេលល្ងាច។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា២វែនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍អាទិត្យតែម្តង និងវេនតែថ្ងៃអាទិត្យតែមួយ។

បើតាមលោករដ្ឋមន្ត្រី វគ្គសិក្សាតាមវេននីមួយៗមានរយៈពេលខុសគ្នា ចាប់ពី៤ខែទៅ១២ ខែអាស្រ័យទៅតាមវេនដែលសិស្ស និងកម្មករនិយោជិត បានចុះឈ្មោះចូលរៀន។ លោកបញ្ជាក់ថា៖« ការរៀបចំវេនសិក្សាបែបនេះ ជាពិសេសវេនល្ងាច វេនយប់ និងចុងសប្តាហ៍ និងអនុញ្ញាតឱ្យយុវជន និងកម្មករនិយោជិតអាចចុះឈ្មោះពេលណាមួយដែលសមស្រប និងងាយស្រួលសម្រាប់ខ្លួន ខណៈដែលពួកគេនៅតែបន្តធ្វើការងារ និងធានាបានស្ថេរភាពនៃប្រភពចំណូលរបស់ខ្លួន»៕

To Top