ភ្នំពេញ៖ ផ្លូវដី (ថ្មី) ប្រវែងជិត៤គីឡូម៉ែត្រ បំពាក់ដោយអំពូលសូឡា ស្ថិតនៅក្នុងភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ ជាសាធារណៈ ។
ការប្រគល់ជូននេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឈង់ ឈា មេឃុំកន្តួត ព្រមទាំងមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បើតាមម្ចាស់ដី៤គ្រួសារ បានអោយដឹងថា ផ្លូវដីនេះមានប្រវែងជិត៤គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ និងទុកចំណីផ្លូវ ដាក់លូកាត់ផ្លូវ៣កន្លែង ដែលគិតជាដីផ្ទៃ៧ហិកតា ដោយបានចំណាយថវិកាសរុប ប្រមាណជិត៧មុឺនដុល្លារ។
ក្នុងពិធីប្រគល់ជូននេះ តំណាងទាំង៤គ្រួសារ បញ្ជាក់យ៉ាងច្បាស់ថា “ផ្លូវនេះ នឹងត្រូវដាក់អោយប្រើប្រាស់ជាប្រយោជន៍សាធារណៈ ពិសេសអ្នកភូមិប្រើប្រាស់ នៅភូមិកន្តួត ឃុំកន្តួតស្រុកស្វាយលើ ខេត្តសៀមរាប”។
ឆ្លៀតក្នងឱកាសនោះលោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួលមួយរូប បានចូលរួមឧបត្ថម្ភ ជីសរីរាង្គព្រៃស្នួល ក្នុង១គ្រួសារ ៣ឈុត (អ្នកដែលមានវត្តមាន) ផងដែរ។
បន្ថែមលើសពីនេះ លោក សយ សុភាព ក៏បានថ្លែងអំណេគុណ លោក ស៊ាន វិសុទ្ធ ទីប្រឹក្សារារដ្ឋាភិបាល និង លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយ ដែលបានផ្តល់កិត្តិយសក្នុងពិធីកាត់ខ្សែបូរក្រហម ប្រគល់ផ្លូវនដះផងដែរ៕