ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២៤ វីតាល់ បានចូលរួមជាឧបត្ថម្ភគាំទ្រ រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណ សប្បុរសជនបរិច្ចាគឈាម” ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក្រោមវត្តមានលោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល, លោក វេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា, លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិក តំណាងដៃគូ សិស្សានុសិស្ស និងសប្បុរសជន ប្រមាណ ៥០០នាក់ និងទទួលបានអំណោយឈាមប្រមាណ ៥០០ផ្លោក ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា រាល់ការស្ម័គ្រចិត្តបរិច្ចាគឈាម របស់សប្បុរសជន គឺប្រៀបបានដូច ជាការផ្តល់ជីវិត និងក្តីសង្ឃឹមថ្មីទៅកាន់អ្នកជំងឺ ដែលកំពុងត្រូវការឈាមជាចាំបាច់ ។ លោកបានអំពាវនាវ ឱ្យសប្បុរសជនទាំងអស់ បន្តស្ម័គ្រចិត្តបរិច្ចាគឈាម និងចូលរួមផ្សព្វផ្សាយ ពីសារសំខាន់ នៃការចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត តាមដែលអាចធ្វើបានទាំងវិស័យរដ្ឋ និងឯកជន ។ ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅដល់ក្រុមហ៊ុន វីតាល់ ដែលតែងតែងចូលរួមឧបត្ថម្ភគាំទ្រ និងផ្សព្វផ្សាយនូវរាល់សកម្មភាព បរិច្ចាគឈាមនាពេលកន្លងមក ។

ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៤ មិថុនា នាឆ្នាំនេះ ក្រុមហ៊ុន វីតាល់ បានចូលរួមឧបត្ថម្ភធំ ដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ដើម្បីជម្រុញឱ្យមានការកើនឡើងនូវ ចលនាបរិច្ចាគឈាម ដើម្បីបំពេញសន្និធិឈាម ពោលគឺបំផុសបង្កើតពឱ្យមានទំនួលខុសត្រូវសង្គម និងបង្កើតទម្លាប់នៃវប្បធម៌ ចែករំលែកពីយុវជនជំនាន់ក្រោយៗ។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ក្នុងនាមជាដៃគូឧបត្ថម្ភធំ បានឱ្យដឹងថា ចក្ខុវិស័យរបស់វីតាល់ មិនត្រឹមតែជាក្រុមហ៊ុនផលិតទឹកពិសា គុណភាពខ្ពស់ កម្រិតស្តង់ដារអន្តរជាតិតែប៉ុណ្ណោះទេ វីតាល់តែងបណ្តុះស្មារតីចែករំលែក និងផ្ដល់ត្រឡប់ទៅវិញ តាមរយៈការចូលរួមសកម្មភាពសង្គមនានា ចាប់តាំងពីពាណិជ្ជសញ្ញានេះកកើតមកម៉្លេះ តួយ៉ាងដូចជាការចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីប្រមូលអំណោយឈាម នាថ្ងៃនេះជាដើម ។

គួរបញ្ជាក់ផងដែរថា វីតាល់ជាក្រុមហ៊ុនឯកជនគម្រូ និងឈានមុខគេមួយក្នុងស្រុក ដែលតែងតែចូលរួមគាំទ្រ ឧបត្ថម្ភនូវរាល់សកម្មភាពសង្គម ជាពិសេសគឺឧបត្ថម្ភយ៉ាងសកម្មលើការប្រមូលអំណោយឈាមពីសប្បុរសជន ដែលបានចាប់ដៃសហប្រតិបត្តិការជាង ១០ឆ្នាំកន្លងមកហើយ ៕













