នៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះ ការសម្តែងសិល្បៈ «គ្រួសារចិន ឆ្នាំ២០២៤» ដែលមានដូចជា សៀករហ័សកម្ម ចម្រៀង របាំង និងផ្ទាំងទស្សនីយភាព ដ៏អស្ចារ្យផ្សេងៗទៀត ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ ដោយមានការចូលរួមទស្សនា ពីសំណាក់ជនជាតិចិន និងជនជាតិខ្មែរ ជាង១ពាន់នាក់។
មន្ត្រីសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានប្រាប់ថា ក្រុមសិល្បករទាំងនេះ គឺអញ្ជើញមកពីប្រទេសចិនដោយផ្ទាល់ ហើយកម្មវិធី «2024 Family China Performance» នេះ អាចរៀបចំបាន ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំង សមាគមកម្ពុជា-ចិន ជាច្រើនទៀត រួមទាំង សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាផងដែរ។
ប្រភពបញ្ជាក់ថា កម្មវិធីនេះតែងតែត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ មានជំងឺរាត្បាត។ គោលបំណងសំខាន់គឺដើម្បីផ្លាស់ប្តូរ និងស្វែងយល់ពីវប្បធម៌ រវាងប្រទេសទាំងពីរ ហើយក្រុមសិល្បករកម្ពុជា ក៏មានកម្មវិធីសម្តែងសិល្បៈ បង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ នៅប្រទេសចិន ដូចនឹងកម្មវិធីដែលសិល្បករចិន មកបង្ហាញក្នុងកម្មវិធី «គ្រួសារចិន ឆ្នាំ២០២៤» នាពេលនេះ ដូចគ្នា។ ប៉ុន្តែ អ្វីដែលពិសេស ឆ្នាំ២០២៤នេះគឺជាឆ្នាំផ្លាស់ប្តូរ ប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
ក្រុមនិស្សិតដែលបានចូលរួមទស្សនាផ្ទាល់ បានប្រាប់ថា ពិតអស្ចារ្យណាស់ សម្រាប់សិល្បៈរបស់ចិន ដែលបង្ហាញ នាពេលនោះ។ ពួកគេសង្ឃឹមថា នឹងមានការរៀបចំ លើកក្រោយៗទៀត នៅកម្ពុ ហើយល់ឃើញថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្លាស់ប្តូរវប្បធម៌ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ វិនិយោគ ព្រមទាំងលើ វិស័យជាច្រើនទៀត ៕