ភ្នំពេញ ៖ លោក Andrew Giles រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌របស់អូស្ត្រាលី បានទទួលយកសំណូមពររបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើការងារបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដល់មន្រ្តីនគរបាលជំនាញកម្ពុជា ។

នាអំឡុងទស្សនកិច្ចនៅអូស្ត្រាលី ពេញមួយសប្ដាហ៍ កន្លងទៅនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌, អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រី នៃអង្គភាពពាក់ព័ន្ធវិស័យមហាផ្ទៃ បានទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត នៅអូស្ត្រាលី។

ក្នុងជំនួបជាមួយ លោក Andrew Giles រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌, ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការ ព្រមទាំងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោក Andrew Giles ក៏បានមើលឃើញអំពីភាព ចាំបាច់ក្នុងការផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងព័ត៌មានឱ្យបានទាន់ពេលវេលា។ លោក Andrew Giles បានទទួលយកសំណូមពររបស់ លោកឧបនាយករដ្ឋមន្ដ្រី លើការងារបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដល់មន្រ្តីនគរបាលជំនាញកម្ពុជា។

ដោយឡែកក្នុងជំនួបជាមួយ លោកស្រី Michelle Chan អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្រ្តាលី ព្រមទាំង លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅ នៃការវិវឌ្ឍថ្មីៗនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្តថែរក្សាសន្តិភាព ដែលប្រទេសកម្ពុជារកបានដោយលំបាក សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកស្រី Michelle Chan បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្តាលី នាពេលកន្លងមក ដែលឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា-អូស្រ្តាលី និងជាពិសេស ទស្សនកិច្ចដ៏ជោគជ័យ នាពេលថ្មីៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី និងលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី។

ភាគីទាំងពីរ ក៏មានការយល់ឃើញដូចគ្នា អំពីភាពចាំបាច់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស តាមរយៈក្របខណ្ឌទ្វេភាគី និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អូស្រ្តាលី ។

សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេលមួយសប្ដាហ៍ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១០-១៦ ខែមិថុនា ឆ្នាំ២០២៤ ៕



